បុរសម្នាក់ដែលអះអាងថា ជាមន្ត្រីសាលាសង្កាត់ទាញអង្រែវាយក្បាលប្រពន្ធ

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍បានអោយដឹង បុរសម្នាក់ដែលវាយប្រពន្ធអះអាងថា ជាមន្ត្រីនៅសាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មកពីបក្សសង្គ្រោះជាតិ បានប្រើប្រាស់ហឹង្សាយកអង្រែបុកគ្រឿង វាយប្រពន្ធបែកក្បាលហូរឈាមស្រោចពេញខ្លួន ស្រ្តីរងគ្រោះនិងកូនប្រសារ រួមទាំងកូនតូចម្នាក់មកកាន់ ប៉ុស្តិ៍នគរបាលចោមចៅ ដាក់ពាក្យប្តឹងឲ្យនគរបាលជួយអន្តរាគមន៍។ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ស្រ្តីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជាប្តីបានទៅផឹកស៊ីជាមួយមិត្តភ័ក្រ ដោយយកកូនតូចទៅជាមួយ តាំងពីល្ងាចរហូតដល់ម៉ោងជាង៩យប់ មិនទាន់ត្រឡប់មកវិញ។ រូបគេក៏បានធ្វើដំណើរទៅយកកូនតូចនោះ ឲ្យមកដេកពីព្រោះខ្លាចស្អែកទៅរៀនមិនទាន់ ក៏បានទាក់ពាក្យសំដីគ្នាជាមួយនិងប្តីទៅវិញទៅមក។ ស្រ្តីដដែលរូបនោះ បន្តទៀតថា ខណៈដែលកំពុងស្រវឹងជោគជាំផងនោះ ក៏បានទាញយកអង្រែបុកគ្រឿងមានប្រវែងជិតកន្លះម៉ែត្រ វាយទៅលើរូបគេចំក្បាល បណ្តាលឲ្យបែកហូរឈាមស្រោចជោគពេញទាំងខ្លួនប្រាណតែម្តង ធ្វើឲ្យគាត់មានការភ័យខ្លាចយ៉ាងខ្លាំង រហូតទ្រាំលែងបានក៏បានសម្រេចចិត្តប្តឹងសមត្ថកិច្ច។

 

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីដែលជាប្រពន្ធត្រូវប្តីវាយនោះឈ្មោះ សូរ ស្រីអូន អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកប្តីរបស់គាត់ឈ្មោះ សំ កុសល អាយុ៤៦ឆ្នាំ ជាមន្ត្រីរាជការ នៅសាលាសង្កាត់ចោមចៅ២ ទើបជាប់ឆ្នោតឃុំ-សង្កាត់ មកពីបក្សសង្គ្រោះជាតិ៕

22053178_332029833873553_1293662184_n 22092578_332029800540223_1841531931_o