អាកាសធាតុអំណោយផលធ្វើអោយក្រូចផ្តល់ទិន្នផលខ្ពស់

បាត់ដំបង: អាកាសធាតុអំណោយផលឆ្នាំនេះធ្វើអោយក្រូចពោធិសាត់ក្នុងខេត្តបាត់ដំបងផ្តល់ទិន្នផលខ្ពស់ មិនមានសត្វចង្រៃបំផ្លាញលើកទឹកចិត្តដល់កសិករកាន់តែមានទឹកចិត្តដាំដុះ។

លោក ហ៊ីង ចន្ធូ ជាកសិកររស់នៅក្នុងភូមិស្លក្រាម ឃុំវត្តតានឹម ស្រុកសង្កែ ខេត្តបាត់ដំបងបានរៀបរាប់អោយដឹងនៅថ្ងៃទី២១ ខែសីហានេះថា ការសម្រេចចិត្តដាំដំណាំក្រូចពោធិសាត់នេះដោយសារលោកសំឡឹងឃើញថាក្រូចពោធិសាត់ជារុក្ខជាតិផ្តល់នូវរសជាតិដ៏ផ្អែមឆ្ងាញ់ សំបូរដោយវីតាមីនជំនួយដល់សុខភាពនិងមានប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះពីគ្រប់ទិសទីចូលចិត្តទទួលទានវា ហើយវានឹងបានជួយលើកស្ទួយដល់ជីវភាពគ្រួសាររបស់លោកបានល្អប្រសើរពី១ឆ្នាំ ទៅ១ឆ្នាំផងដែរ។

ក្នុងឆ្នាំនេះក្រូចបានហុចផលច្រើនជាទីពេញចិត្តដោយមានលក្ខណះអំណោយផលពីអាកាសធាតុផងនោះធ្វើអោយក្រូចផ្លែច្រើនមិនជ្រុះ ដងដើមនិងស្លឹកលូតលាស់បានល្អមិនសូវពិបាកក្នុងការថែទាំឬត្រូវបំផ្លាញដោយសត្វចង្រៃឡើយ ការដាំដំណាំក្រូចចុះទុនតែដំបូងទិញពូជប៉ុណ្ណោះ ក្រោយមកទៀតពេលក្រូចធំពេញរូបរាងផ្កា ផ្លែប្រមូលផលរយះពេលយូររាប់សិបឆ្នាំ។ ក្រូចរបស់លោកជិតគ្រប់អាយុនឹងទុំត្រូវបេះហើយ ហើយក៏កំពុងត្រូវបានម៉ូយចាប់ផ្តើមចែចូវទិញម៉ៅជាបណ្តើរៗដែរប៉ុន្តែមិនទាន់ត្រូវថ្លៃ បើសិនមិនមានម៉ូយទិញម៉ៅទេនៅមានម៉ូយមកលើកយកលក់តាមបណ្តាទីផ្សារឬតាមបណ្តាខេត្តផ្សេងៗរួមទាំងភ្នំពេញក៏មាន។

កសិករ ហ៊ីង ចន្ធូ បន្តថា បច្ចុប្បន្នក្រូចរបស់លោកដាំបានចំនួន៣០០ដើមលើទំហំដីកន្លះហិកតា និងថ្មីៗនេះលោកបានពង្រីកផ្ទៃដីដាំដុះបន្ថែមបានជិតកន្លះហិកតាទៀតដែលដើមក្រូចមានចំនួនជាង២០០ដើម។ ឆ្នាំមុនៗក្រូចប្រមូលផលបានចាប់ពី២០ទៅ៣០ស្លឹក ( ក្នុង១ស្លឹកស្មើ១០ផ្លូន ) ម៉ៅអោយម៉ូយចន្លោះពី២៥០០ទៅ៣០០០ដុល្លាអាមេរិក រីឯតម្លៃក្នុងទីផ្សារបច្ចុប្បន្នលក់បានក្នុង១ផ្លូនតម្លៃពី៣ម៉ឺនទៅ៥ម៉ឺនរៀលតាមប្រភេទក្រូចលេខ១ លេខ២ឬលេខ៣។

យោងតាមរបាយការណ៍ពីមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តបានបង្ហាញថា ក្នុងទូទាំងខេត្តបាត់ដំបងកសិករដាំដុះទាំងដំណាំយុទ្ធសាស្ត្រនិងដំណាំប្រចាំរដូវមានដូចជា សាវម៉ាវ ម្រេច ត្របែក ទំពាំងបាយជូ ដូងប្រេង ក្រូចឆ្មា មៀន ស្វាយ ធុរ៉េន ល្មុតរួមទាំងដំណាំផ្សេងៗទៀតជាច្រើនសរុបចំនួន២៦០០៣ហិកតា ក្នុងនោះដំណាំក្រូចកសិករដាំដុះបានចំនួន១១៦៩ហិកតា៕

Leave a Reply

Your email address will not be published. Required fields are marked *