អាវុហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងថ្នាំញៀន មេតំហ្វេតាមីនគ្រាប់ ចំនួន ១,០០៧គ្រាប់ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ អាវុហត្ថស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនខុសច្បាប់ម្នាក់ រួមទាំងថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ចំនួន១,០០៧គ្រាប់ ដែលឃាត់ខ្លួនព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិអូរស្អំ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជាអាវុធហត្ថស្រុកម៉ាឡៃបានឲ្យដឹងថា៖ ក្រោយទទួលបានព័ត៌មានពីបណ្តាញ និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ មានឈ្មោះ ជឹម ជឿន ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ រួមជាមួយវត្ថុតាងមួយចំនួនរួមមាន ៖ គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១.០០៧គ្រាប់  ទូរស័ព្ទដៃ ចំនួន០១គ្រឿង  ម៉ូតូ ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ។ ក្រោយពីធ្វើការឃាត់ខ្លួន និងសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ខ្លួនបានជួញដូរគ្រឿងញៀន បានចំនួន ០៦លើករួចមកហើយ ដោយទិញពីមនុសុ្សម្នាក់មិនស្គាល់ឈ្មោះ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីយកមកចែកចាយបន្តនៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ។ ដោយយោងលើចម្លើយសារភាព ជនសង្ស័យខាងលើអាចត្រូវចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមច្បាប់៕ និពន្ធនាយក

Leave a Reply

Your email address will not be published. Required fields are marked *