ពិធីបុកគ្រឹះសាងសង់អគារសុខារ៉េស៊ីដេន ខុនដូ មីនៀមកម្ពុស់២១ជាន់ មាន៥៤៣បន្ទប់ និងចែករង្វាន់ធំរបស់ក្រុមហ៊ុន អឹម.អ សុខារ៉េស៊ីដេនគ្រុប

 

បន្ទាយមានជ័យ៖ ជាការពិតណាស់ ក្រុងប៉ោយប៉ែត កំពុងតែមានសន្ទុះខ្លាំងខាងវិស័យអចលនទ្រព្យ ជាតំបន់មួយដែលផ្តល់នូវសេដ្ឋកិច្ចខ្ពស់ និងមានក្រុមហ៊ុនក្នុង និងក្រៅប្រទេសកំពុងចូលមកដាក់ទុនវិនិយោគ ជាច្រើន និងកំពុងមានតម្រូវការខ្ពស់សំរាប់ការសាងសង់អគារ ដើម្បីបើកអាជីវកម្ម ផ្ទះរស់នៅ និងសំរាប់ជួល ស្របគ្នានេះដែរក្រុមហ៊ុនអឹម.អ សុខារ៉េស៊ីដេនគ្រុប បានដាក់សម្ភោធជាផ្លូវការបុកគ្រឹះសាងសង់អគារខុនដូ កម្ពស់២១ជាន់ដែលមានទីតាំងចំណុចស្តង់ទឹកកកចាស់ឋិតក្នុងភូមិគីឡូម៉ែត្រ៤សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨។

លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ដោយមានសុខសន្តិភាព និងធ្វើអោយប្រទេសរីកចម្រើនក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយមានក្រុមហ៊ុន ក្នុងប្រទេស និងក្រៅប្រទេសជាច្រើនបានមកធ្វើវិនិយោគ លើគ្រប់វិស័យ នៅក្នុងក្រុងប៉ោយប៉ែត កំពុងតែរីកដុះដាលវិស័យ ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម អចលនទ្រព្យ និងមានច្រកអន្តរជាតិផ្លូវគោកចំនួន២ដ៏សំខាន់សំរាប់ដឹកទំនិញចេញ.ចូល ដែលធ្វើឲ្យក្រុងប៉ោយប៉ែតកំពុងតែមានប្រជាពលរដ្ឋ មករកស៊ី និងធ្វើការមានការកើនឡើង។

លោកសាន ស៊ានហូ ក៏បានកោតសរសើរចំពោះក្រុមហ៊ុនក្រុមហ៊ុន អឹម.អ សុខារ៉េស៊ីដេនគ្រុប ដែលបានបោះទុនវិនិយោគនៅក្រុងប៉ោយប៉ែត ដែលខាងក្រុមហ៊ុនបានលះបង់ខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ ដូចជាការធ្វើផ្លូវតុង ផ្លូវថ្មមិក ការងារមនុស្សធម៍ ជាមួយអាជ្ញាធរ និងធ្វើអោយអតិថិជនមានការជឿជាក់ខ្ពស់ លើគម្រោង និងសំណង់របស់ខ្លួន ត្រូវស្តង់ដារបច្ចេកទេសនៃការសាងសង់ បែបបថរចនាម៉ូត ត្រូវតាមសម័យកាល មានប្រព័ន្ធលូ ប្រព័ន្ធភ្លើង ប្រព័ន្ធផ្លូវបេតុង មានសួនច្បារ និងមានសមិទ្ធផលជាច្រើន ក្រកបដោយផាសុខភាពដែលអតិថិជនចង់បាន ហើយព្រឹកនេះក្រុមហ៊ុនបានសាងសង់អគារខុនដូមួយទៀតមានកំពស់២១ជាន់មុនគេដែលប៉ោយប៉ែតមិនធ្លាប់មាន។

គួរបញ្ជាក់ថា ក្រុមហ៊ុន អឹម.អ សុខារ៉េស៊ីដិន បានចាប់ផ្ដើមធ្វើគំរោងអភិវឌ្ឍន៍ប្រភេទលំនៅដ្ឋានតាំងពីខែធ្នូឆ្នាំ២០១៧កន្លងមក ហើយបានទទួលជោគជ័យលើការលក់ផ្ទះ ជាង៣០០ល្វែង ត្រឹមតែរយះពេល៣ខែប៉ុណ្ណោះ ហើយក៏កំពុងដំណើរការសាងសង់ផ្ទះជូនអតិថិជនបានជាង៧០%និងត្រៀមប្រគល់ផ្ទះជូនអតិថិជននាខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ ហើយក៏កំពុងនិងបន្តលក់នូវគម្រោងអគារខុនដូមីនៀម កំពស់២១ជាន់ដែលនាពេលបច្ចុបន្បន្ននេះ ត្រឹមតែ៣ខែលក់ដាច់បានជាង៦០%នៃចំនួនបន្ទប់សរុប៥៤៣បន្ទប់ ដែលបានរៀបពិធីបញ្ចុះបឋមសិលាបុកគ្រិះសាងសង់នាពេលនេះ។

ក្នុងរាត្រីថ្ងៃនេះដែរ ក្រុមហ៊ុនបានធ្វើពិធីចាប់រង្វាន់ ជូនអតិថិជន មានដូចជា រថយន្តម៉ាក Audi Q7ស៊េរីឆ្នាំ២០១២ចំនួន១គ្រឿង ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩ ចំនួន៣គ្រឿង ទូរស័ព្ទម៉ាកiPhone X ចំនួន៣គ្រឿង ទូរទឹកកកចំនួន៥គ្រឿង ម៉ាស៊ីនត្រជាក់៥គ្រឿង និងទឹកប្រាក់គូប៉ុង់១០០០ដុល្លារ ចំនួន២០នាក់ (ប្រាក់គូប៉ុង់ ជាទឹកប្រាក់បញ្ចុះតម្លៃសំរាប់ទិញខុនដូ ឬជាប្រាក់បញ្ចុះតម្លៃទិញខុនដូ) ដែលមានអតិថិជនចូលរួមជាង៥០០០នាក់ នៅក្នុងបរិវេណ ភោគនីយ៍ដ្ឋានពន្លឺនាគទិព្វ នៅក្រុងប៉ោយប៉ែត៕

Leave a Reply

Your email address will not be published. Required fields are marked *