ក្នុងឆ្នាំ២០១៨ ភ្ញៀវដែលធ្វើដំណើរចេញ.ចូលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានប្រមាណជាង១៣លាននាក់ ដែលមានជាង១០០សញ្ជាតិ

បន្ទាយមានជ័យ៖ ក្នុងឆ្នាំ២០១៨ ភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរចេញ.ចូលឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា.ថៃ មានប្រមាណជាង១៣លាននាក់ ដែលមានជាង១០០សញ្ជាតិឆ្លងកាត់ នេះបើយោងតាមរបាយការណ៍ រាយការណ៍ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត អនុប្រធាននាយកដ្ឋានច្រកទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានអ្នកដំណើរចូលសរុប 6,728,946នាក់ ស្រី 3,226,294នាក់ មាន១២៧សញ្ជាតិ ក្នុងនោះមានជនបរទេស 516,304នាក់, ស្រី 285,552 នាក់មាន១២៦សញ្ជាតិ និងពលរដ្ឋខ្មែរសរុប6,212,642នាក់ ស្រី2940742នាក់។ និងមានអ្នកដំណើរចេញពីប្រទេស សរុប 6,844,769នាក់ ស្រី3,212,851នាក់ មាន១២៣សញ្ជាតិ ក្នុងនោះមានជនបរទេស 526652នាក់ ស្រី281,431នាក់ មាន១២២ មាន១២២សញ្ជាតិ និងពលរដ្ឋខ្មែរ 6,318,117នាក់ ស្រី2,931,420នាក់ និងមានពលករឆ្លងដែនខុសច្បាប់ ដែលអាជ្ញាធរថៃបញ្ជូនមកចំនួន៨៨៨លើក មានចំនួន30,530នាក់ ស្រី10,396នាក់ ផងដែរ។

នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកវរសេនីយ៍ទោ ខឹម ចិត្រា បានផ្លាស់ពីនាយនគរបាលនៃអគ្គស្នងការនគរបាលជាតិ ជានាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វាទី ១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជំនួសលោកឧត្តមសេនីទោ ស៊ឹម សំអាត ដោយរក្សាទុកមុខតំណែងជាអនុប្រធាននាយកដ្ឋានច្រកទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

sdrp

នាយឧត្តម ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានណែនាំដល់លោកនាយប៉ុស្តិ៍ដែលទើបតែឡើងថ្មី ត្រូវចេះគ្រប់គ្រងប្រមូលកម្លាំង បែងចែកមន្ត្រីក្រោមឱវាទ ទៅតាមជំនាញ តួនាទី អោយបានល្អត្រឹមត្រូវ មិនត្រូវប្រកាន់ខ្សែ ឬនិយមបក្ខពួក ដែលធ្វើអោយមានការបែកបាក់សាមគ្គីផ្ទៃក្នុងឡើយ និងត្រូវចេះសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ និងភាគីថៃ ដើម្បីសម្របសម្រួលផ្តល់ភាពងាយស្រួល បំរើផលប្រយោជន៍រួម និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមបន្ទាត់ព្រំដែនដែលខ្លួនគ្រប់គ្រងឲ្យបានល្អ៕
ផូ ប៊ុនថន

Leave a Reply

Your email address will not be published. Required fields are marked *