ច្រករបៀងអូរបីជាន់បើកប៉ារ៉ាស់យកលុយពីក្រុមឈ្មួញដឹកទំនិញគេចពន្ធ


ខេត្តបន្ទាយមានជ័យ៖ ច្រករបៀងអូរបីជាន់ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងការរិះគន់នៅតែបន្តបើកប៉ារ៉ាស់យកលុយឲ្យក្រុមឈ្មួញដឹកទំនិញ គេចពន្ធ បន្លំពន្ធរដ្ឋជារៀងរាល់យប់ ដោយឈ្មួញឃុបឃិតជាមួយកម្លាំងយោធាឈរជើងផ្ទាល់ ខណៈដែលមន្ត្រីពាក់ព័ន្ធសំងំចាំយកប្រយោជន៍ផ្ទាល់ខ្លួនគេងបន្លំ និងបំបាត់ពន្ធរដ្ឋ។


ជាក់ស្តែងនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ទំនិញប្រភេទភេសជ្ជៈគ្រប់ប្រភេទ ទឹកក្រូច ទឹកដោះគោ មាន់ទា ជ្រូក ឈើ គោ ក្របី ពូកត្រូវបានឈ្មួញរៀបចំដឹកទាំងតោនៗ មិនត្រឹមតែប៉ុណ្ណោះ នៅច្រករបៀងតំបន់៥ និងច្រករបៀងតំបន់១ក្នុងភូមិសាស្ត្រស្រុកស្វាយចេក មានម៉ូតូស៊េរីទំនើបៗ ចេញទាំងថ្ងៃៗតែម្តង។


កន្លងមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចនគរបាល យោធា ដែលឈរជើងតាមជាយដែន នៅខេត្តបន្ទាយមានជ័យ បិទច្រករបៀងទាំងអស់តាមព្រំដែនខ្មែរ-សៀម ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់ ទំនិញគេចពន្ធគ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្សបទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព។


ក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នច្រករបៀងអូរបីជាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលគ្រប់គ្រងដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ នៅតែបន្តដំណើរការយ៉ាងរលូន។
ចំណែក ឯកឧត្តមសួនបវរ អភិបាលខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យបទល្មើសឆ្លងដែនតាមច្រករបៀងអូរបីជាន់ ដោយក្រុមឈ្មួញចូលទៅដឹកទំនិញ យ៉ាងអនាធិបតេយ្យកើតឡើងយ៉ាងពេញបន្ទុក តើអាចទុកចិត្តបានទេថា ក្រុមឈ្មួញមិនមានការឃុបឃិតជាមួយកម្លាំងយោធាឈរជើងនៅទីនោះ និងមន្ត្រីជំនាញពាក់ព័ន្ធបន្លំនាំចូលម៉ូតូគេចពន្ធ និងរថយន្តចង្កូតស្ដាំ។


លោក លី សុវណ្ណរិទ្ធ អភិបាលស្រុកអូរជ្រៅប្រាប់ថា ច្រករបៀងអូរបីជាន់ ត្រូវបានកម្លាំងយោធាឈរជើងនៅទីនោះបើកឲ្យប្រជាពលរដ្ឋឆ្លងដែនទិញអីវ៉ាន់ផ្សារណាត់ហូបចុកជាលក្ខណៈគ្រួសារ ក្នុង១អាទិត្យបើកចំនួន២ថ្ងៃ គឺថ្ងៃអង្គារ៍ និងថ្ងៃសុក្រ ដើម្បីសម្របសម្រួលដល់ពលរដ្ឋជាយដែន។ ចំពោះរងការចោទប្រកាន់ថាមានទំនិញជ្រូក មាន់ទា គោក្របី និងទំនិញផ្សេងៗដែលលួចចេញពេលយប់នោះ លោកបញ្ជាក់ប្រាប់ថាឲ្យទៅសួរមន្ត្រីជំនាញទើបដឹងច្បាស់។


លោក ហ៊ុយទូច ប្រធានការិយាល័យផលិតកម្មបសុព្យាបាល(ពេទ្យសត្វ )ខេត្តបន្ទាយមានជ័យប្រាប់ថា ករណីជ្រូកមាន់ទា គោ ក្របី មានដឹកចេញតាមច្រករបៀងអូរបីជាន់ពិតប្រាកដមែន ដោយសារមានក្រុមហ៊ុនមានច្បាប់អនុញ្ញាតិនាំចូលក្នុងស្រុក និងសត្វគោនាំចេញទៅប្រទេសវៀតណាម ដែលមន្ត្រីជំនាញមានតួនាទីធ្វើការត្រួតពិនិត្យសុខភាពសត្វឲ្យបានត្រឹមត្រូវ
ដោយឡែក លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ ដែលធ្លាប់បានធ្វើសន្និសីទកាសែតបំភាន់ភ្នែកថ្នាក់លើ បញ្ជាឲ្យកូនចៅបិទច្រករបៀងអូរបីជាន់នោះ ពុំអាចទំនាក់ទំនងបានទេ ដោយខលចូលមិនលើក៕សៅនៅ

Leave a Reply

Your email address will not be published. Required fields are marked *