នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យបកស្រាយករណីចរាចរណ៍រវាង រថយន្តខ្មែរកៀរ និងរថយន្តថៃ​

បន្ទាយមានជ័យ៖ ថ្មីៗនេះល្បីថា លោកឧត្តមសេនីយ៍ត្រី អ៊ុំសុផល ស្នងការរងខេត្តបន្ទាយមានជ័យទទួលការងារចរាចរណ៍ផ្លូវគោក រួមទាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត កាងជនជាតិថៃ រឿងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញធុនធំ១គ្រឿងម៉ាកហ៊ីណូ(ជារថយន្តថៃ)ពណ៌ស ពាក់ស្លាកលេខ Thailand 70-0889  និងរថយន្តខ្មែរម៉ាកឆែរូឡែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ( 2AQ-5832 ) រហូតដល់មានការប្តឹងសុំឲ្យមានការអន្តរគមន៍ដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ដែលរឿងនេះធ្វើល្បីកក្រើកពេញបណ្តាញព័ត៌មាន និងសង្គមFacebook

 

ពាក់ព័ន្ធនិងករណីនេះ លោក​មេធាវី ហ៊ីន ពៅសំណាង ការពារក្តីអោយកូនក្តីម្ចាស់រថយន្តឆែរូឡែតឈ្មោះ ហាក់ សិរ្សណៈ (ភាគីខ្មែរ) បានបញ្ជាក់ថា៖ ក្រោយពីកើតហេតុ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៨ នៅក្បែររង្វង់មូលប៉ោយប៉ែត កូនក្តីរបស់ខ្លួនមានឆន្ទះដោះស្រាយជាមួយភាគីថៃ ដោយទាមទារអោយម្ចាស់រថយន្តថៃសងប្រាក់ចំនួន១០០០ដុល្លារអាមេរិក តែខាងភាគីថៃព្រមសងតែ៥០០ដុល្លារ។ លោកបានបញ្ជាក់ថា កូនក្តីរបស់លោកមិនសុខចិត្ត ក៏បានចូលទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយ ដោយឃើញថាតៃកុងរថយន្តថៃមានជាតិស្រវឹង តែសមត្ថកិច្ចមិនព្រមពិនិត្យ ក្រោយមកទៀតកូនក្តីរបស់ខ្លួនបានសុំទៅហូបបាយ តែម៉ោង៦ល្ងាចថ្ងៃកើតហេតុស្រាប់តែបាត់រថយន្តថៃ និងតៃកុងបាត់ ដោយសមត្ថកិច្ចនៅទីនោះថាថ្នាក់លើ លោកឧត្តមសេនីយ៍ត្រី អ៊ុំសុផល ធានាអោយដោះលែង។

 

លោកមេធាវីរូបនោះបន្តថា​ ក្រោយមកកូនក្តីរបស់លោក(ភាគីខ្មែរ) ទារលុយថ្លៃខូចខាតរថយន្ត៥ម៉ឺនបាត(ប្រាក់ថៃ) ពីភាគីថៃ តែខាងភាគីថៃមិនព្រម។លោកមេធាវី ការពារក្តីភាគីខ្មែរបានបញ្ជាក់ថា រឿងដែលលោកចោទប្រកាន់លើមន្ត្រីនគរបាលចរាចរណ៍នោះ ១.រឿងគ្រោះថ្នាក់ចរាចរណ៍ហេតុសមត្ថកិច្ចគ្មានកំណាត់ហេតុ ​២.ដោះលែងជនបង្ក(តៃកុងរថយន្តថៃ) និងរថយន្តដោយគ្មានសំណង និងគ្មានកំណត់ហេតុ ៣.ពេលកូនក្តីសុំអោយសមត្ថកិច្ចនគរបាលជួយដោះស្រាយ បែរជាថាអោយកូនក្តីរបស់លោកទៅប្តឹងអ្នកណាប្តឹងទៅ។ លោកមេធាវីរូបនេះ បញ្ជាក់ជាចុងក្រោយថា ការប្តឹងនេះ គឺសុំអោយសម្តេចក្រឡាហោម ស ខេង ជួយអន្តរាគមន៍លើករណីនេះ ព្រោះវាប៉ះពាល់ ដល់ប្រយោជន៍កូនក្តីរបស់ខ្លួន។

ដោយឡែក លោកវរសេនីយ៍ត្រី ឈឿន ប៊ុនថា លោកបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើរវាងរថយន្តធំថៃ និងរថយន្តខ្មែរ ឆែរ៉ូឡែត ដែលកើតឡើងកាលពីម៉ោង១៦ និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​ ២០១៨ ក្រោយពេលកើតហេតុភ្លាមៗដោយឃើញខូចខាតទ្រព្យសម្បត្តិ៍បន្តិចបន្តួច ភាគីទាំងពីរបានសុំសម្របសម្រួលគ្នានៅចំណុចកើតហេតុ លោកបានបញ្ជាអោយកូនចៅបាញ់ថ្នាំ យករថយន្តអែបខាងដើម្បីសម្រួលចរាចរណ៍ និងទុកអោយភាគីទាំងពីរចរចារណ៍គ្នា។ ហើយភាគីទាំងពីរសម្រួលគ្នារហូតដល់ម៉ោង៨.០០នាទីយប់ ថ្ងៃកើតហេតុទើបឲ្យកូនចៅយកវត្ថុតាងទាំង០២ មកដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ លោកបញ្ជាក់ថា មូលហេតុដែលមិនធ្វើការវាស់វែង ១.ដោយសារករណីនេះ វាតិចតួច បង្កខូចតែសម្ភារ ហើយចង់អោយគាត់សម្របសម្រួលគ្នាដោយករណីនេះស្រាលបំផុត។ ២.ក្រោយពេលកម្លាំងរបស់លោកយកមកទុកនៅអធិការដ្ឋានហើយ លោកបានអោយកម្លាំងរបស់លោកត្រៀមទទួលទុកដើម្បីដោះស្រាយ តែខាងភាគីរថយន្តតូច (ភាគីខ្មែរ) សុំធានាយករថយន្តត្រឡប់ទៅវិញសិន លោកក៏សុំឆ្លងយោបល់មេព្រមឲ្យទៅ  ចំណែករថយន្តធំ ភាគីថៃវិញ មេអ៊ុំ សុផល លោកបានធានា អោយភាគីថៃត្រឡប់ទៅវិញសិនដូចគ្នា ចាំព្រឹកស្អែកចូលមកដោះស្រាយ។

 

លោក ឈឿន ប៊ុនថា បញ្ជាក់បន្ថែមថា នៅម៉ោង៩.៣០នាទី ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨ ភាគីទាំងពីរ បានមកជួបគ្នាដោះស្រាយគ្នា ដោយភាគីថៃ ព្រមដូរឈ្នាន់ជាន់ និងផ្ទាល់មុខខាងស្តាំ តែចង្កេះរថយន្ត ភាគគីថៃព្រមជួសជុលឲ្យ។ ក្រោយពីមានការព្រមព្រៀងគ្នាហើយ ម្ចាស់រថយន្តទាំងពីរភាគីចេញពីកន្លែង សមត្ថកិច្ចរកធ្វើកំណត់ហេតុមិនឃើញ ក៏បានខលសួរភាគីខ្មែរម្ចាស់រថយន្តតូច ប្រហែលម៉ោងជាង១០ព្រឹកថ្ងៃ១៥ ខែមិថុនឆ្នាំ ២០១៨ ហើយម្ចាស់រថយន្តបានឆ្លើយថា មិនអីទេនិយាយគ្នាត្រូវហើយ ដោយមានមន្ត្រីយោធាការិយាល័យទំនាក់ទំនងច្រកទ្វារអន្តរជាតិប៉ោយប៉ែតធានា សុំទៅភ្នំពេញសិនទើបយករថយន្តមកជួសជុល”  ទើបលោកឈប់សួរដេញដោលព្រោះគិតថារឿងចប់ហើយ។

ចំណែកលោកឧត្តមសេនីយ៍ត្រី អ៊ុំសុផល ស្នងការរងខេត្តបន្ទាយមានជ័យទទួលការងារចរាចរណ៍បានប្រាប់នៅរសៀលថ្ងៃទី២០ ខែសីហា នេះថា ករណីនេះវាជាការប៉ះពាល់គ្នាតិចតួច ហើយភាគីទាំងពីរបានត្រូវរ៉ូវគ្នារួចហើយ​ ហើយក៏មានរយះពេល២ខែមកហើយដែរ។ ដល់ពេល ភាគីរថយន្តតូច ទារលុយពីរថយន្តថៃ ៥ម៉ឺនបាត តែភាគីថៃមិនអោយ បែរជាមកប្តឹងគាត់ទៅវិញ។ ហើយលោកបញ្ជាក់ថា ករណីចរាចរណ៍ខាងលើ នេះគឺរថយន្តតូចខាងភាគីខ្មែរជាអ្នកខុសតែតែម្តង៕ តុង

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *