កំពុងតែខ្វះទឹកប្រើប្រាស់ លោកជំនួយការភូមិចាក់ដីលុបស្រះទឹករួមធ្វើកម្មសិទ្ធផ្ទាល់ខ្លួន ធ្វើឲ្យពលរដ្ឋផ្ទុះការតវ៉ា នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រមាណជា៥០នាក់ តំណាងឲ្យពលរដ្ឋជាង៤០០គ្រួសារ ផ្ទុះការតវ៉ា ក្រោយពេលលោកជំនួយការភូមិម្នាក់ចាក់ដីលុបស្រះរួម ដែលពួកគាត់កំពុងប្រើប្រាស់ យកជាកម្មសិទ្ធិផ្ទាល់ខ្លួន ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០១៩ នៅក្នុងចំណុចម៉កហឺន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។


អ្នកភូមិតវ៉ាធ្វើការចោទប្រកាន់ថា លោកអ៊ឹង ហាក់ ហៅសុច តួនាទីជាជំនួយការភូមិអូរអំពិល បានយកគ្រឿងចក្រមកចាក់ដីឈូសឆាយលុបស្រះទឹករួម របស់ប្រជាពលរដ្ឋកំពុងប្រើប្រាស់ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបប្រជាពលរដ្ឋធ្វើការតវ៉ា ហាមមិនឲ្យលុប ព្រោះជាស្រះរួមដែលសប្បុរសជនរស់នៅអាមេរិកជួយជីកដើម្បីឲ្យពួកគាត់ប្រើប្រាស់តាំងពីឆ្នាំ២០១៥។


អ្នកភូមិបញ្ជាក់ថា ទីតាំងស្រះទឹករួម ជាទីតាំងស្នាក់ការភូមិចាស់ដែលមានទំហំ៣០គុណ៣៥ម៉ែត្រ ដែលប្រជាពលរដ្ឋយកទីតាំងនេះជីកស្រះផង និងធ្វើស្នាក់ការភូមិផង ដើម្បីទុកជាផលប្រយោជន៍រួម តែបែរលោក អ៊ឹង ហាក់ ហៅសុច ឃុបឃិតជាមួយលោកមេភូមិយកគ្រឿងចក្រមកលុបស្រះចង់យកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ។


អ្នកភូមិលើកឡើងថា ប្រជាពលរដ្ឋនៅក្នុងចំណុចម៉ក់ហឺន ក្នុងភូមិអូរអំពិល ឃុំទួលពង្រ ចំនួន៤៧៧គ្រួសាររំពឹងតែលើស្រះទឹករួមមួយនេះ ដើម្បីប្រើប្រាស់ និងសុំទុកដីដែលជាស្នាក់ការភូមិនេះដើម្បីអភិឌ្ឍន៍បន្តទៀតជាប្រយោជន៍រួម ទើបអ្នកភូមិនាំគ្នាតវ៉ាមិនឲ្យមានបុគ្គលណាម្នាក់យកជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។


ពួកគាត់បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយការពារស្រះទឹកដែលជារបស់រួមរបស់ពួកគាត់កំពុងប្រើប្រាស់នេះ អោយបានគង់វង់ផង កុំឲ្យមានជនខិលខូច ឃុបឃិតគ្នាយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលស្រះទឹកនេះ ជាប្រយោជន៍ដ៏ធំសម្រាប់អ្នកភូមិរបស់ពួកគាត់ មិនអាចខ្លះបានឡើយ។
ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះ លោកអ៊ឹង ហាក់ ជំនួយការភូមិ មិនអាចធ្វើការទំនាក់ទំនងបានទេ ដោយគ្មានលេខទំនាក់ទំនង ចំណែកលោកមេភូមិអូរអំពិលវិញ មិនអាចទំនាក់ទំនងបានទេ ដោយទូរស័ព្ទរបស់លោកខលមិនចូល។ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *