មន្រ្តីនគរបាល ឌួង ណាគ្រី តុលាការសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ លោកមេធាវី លី រដ្ឋធី និងជាសមាជិករបស់គណៈមេធាវី បានឲ្យដឹងថា យោងតាមច្បាប់ព្រហ្មទណ្ឌបទល្មើសចោទប្រកាន់ មានចំនួន២បទល្មើស គឺទី១ ប៉ុនប៉ងឃាតកម្ម ប្រឈមនឹងការជាប់ពន្ធនាគារចន្លោះ ១០ឆ្នាំ ទៅ១៥ឆ្នាំ ទី២គឺ ប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត ប្រឈមនឹងជាប់ពន្ធនាគារចន្លោះពី ៦ខែ ទៅ ២ឆ្នាំ ទៅលើមន្រ្តីនគរបាលដៃឆើតចិត្តព្រៃផ្សៃឈ្មោះ ឌួង ណាគ្រី ដែលបានបាញ់ប្រហារចំនួន៥គ្រាប់ សំដៅទៅលើប្តីប្រពន្ធ២នាក់ ឥលូវចៅក្រមស៊ើបសួរលោក ពេជ្រ វិជ្ជាធរ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ) ។

ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ដោយប្តីមានឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ចំណែកជនបង្កឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ ត្រឹមតែស័ក្តិ៤កន្លះសោះ មានមុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃទៅហើយ និងមានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។


តាមដំណើររឿង ជនបង្កនិងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែកគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន៥គ្រាប់។ ក្រោយបាញ់ហើយជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង។


រហូតមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ពន្លឺយុត្តិធម៌មិនទាន់មាននៅឡើយទេ សម្រាប់ជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ដែលរងការបាញ់ប្រហារពីសំណាក់ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឈ្មោះ ឌួង ណាគ្រី ពីព្រោះមន្រ្តីនគរបាលរូបនេះ មិនត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីកាត់ទោសនោះឡើយ បែរជាបញ្ជូនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីដាក់វិន័យតាមកងកម្លាំងនគរបាលជាតិទៅវិញ។

សម្រាប់ករណីនេះ អ្នកស្រុកនៅតែចាត់ទុកថា ជារឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ចំពោះមន្រ្តីនគរបាលដែលបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបែបនេះ ត្រឹមតែទទួលរងការដាក់វិន័យកងកម្លាំង ខណៈដែលរឿងស្រដៀងនេះកាលពីពេលកន្លងទៅ និងធ្លាប់កើតមានឡើងនៅក្នុងសង្គម ជនបង្កត្រូវបានកាត់ទោសតាមច្បាប់ផងដែរ។

បើយោងតាមច្បាប់ព្រហ្មទណ្ឌបទល្មើស ចោទប្រកាន់ចំនួន២បទល្មើស
-ទី១៖ «ប៉ុនប៉ងឃាតកម្ម ប្រឈមនឹងការជាប់ពន្ធនាគារចន្លោះ ១០ឆ្នាំ ទៅ១៥ឆ្នាំ។
មាត្រា ២០ បានចែងថា ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ដល់ ២(ពីរ)ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០ ០០០(ហាសិបម៉ឺន)រៀល ដល់ ២ ០០០ ០០០(ពីរលាន)រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។


-ទី២៖ ប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត ប្រឈមនឹងជាប់ពន្ធនាគារចន្លោះពី ៦ខែ ទៅ ២ឆ្នាំ ។
ក្នុង«មាត្រា ២៧- និយមន័យនៃការប៉ុនប៉ង ក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទមជ្ឈិម អាចត្រូវផ្តន្ទាទោសបាន ។


មាត្រា ១៩៩ បទឃាតកម្ម អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ទៅ ១៥(ដប់ប្រាំ)ឆ្នាំ ។ ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *