ពលរដ្ឋសំណូមពរដល់អាជ្ញាធរក្រុងឲ្យឈួសឆាយផ្លូវដាក់ថ្មមិកឬចាក់បេតុងបន្ទាប់ពីប្រជាពលរដ្ឋព្រមរុះរើតូប ផ្ទះ របងរយះពេល១ឆ្នាំមកហើយ

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ដើមរដូវវស្សា ផ្លូវមួយខ្សែដែលអាជ្ញាធរសន្យាថាធ្វើឲ្យពលរដ្ឋ កំពុងតែបង្កការលំបាកជាខ្លាំង ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរក្រុងឈួសឆាយផ្លូវលំថ្មីស្របតាមផ្លូវរថយន្តភ្លើងឲ្យដាក់ថ្មមិកឬចាក់បេតុងបន្ទាប់ពីប្រជាពលរដ្ឋព្រមរុះរើតូប ផ្ទះ របង រំកិលថយ អស់រយះពេល១ឆ្នាំមកហើយ តែអាជ្ញាធរមិនអើពើ។


ពលរដ្ឋរស់នៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រាប់ថា នៅមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៨ កន្លងមកអាជ្ញាធរក្រុងប៉ោយប៉ែតកាលអាណត្តិ លោកសាន ស៊ានហូ បានបើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋ នៅក្នុងភូមិ ដែលបានសន្យាថា បើប្រជាពលរដ្ឋព្រមរុះរើ តូប របង និងផ្ទះ ថយក្រោយ បាន៦ម៉ែត្រ លោកថា និងធ្វើផ្លូវចាក់ថ្មមិក និងឈានដល់ចាក់បេតុង ឲ្យប្រជាពលរដ្ឋប្រើប្រាស់។


ពលរដ្ឋទាំងនោះបានរៀបរាប់បន្ថែមថា សព្វថ្ងៃនេះ ពួកគាត់ពិតជាមានការលំបាកខ្លាំង ចំពោះផ្លូវលំមួយខ្សែ ដែលមានទំហំ ៦ម៉ែត្រ និងប្រវែងប្រមាណជិត១០០០ម៉ែត្រ តភ្ជាប់ពីភូមិក្បាលកោះមកដល់ផ្លូវបុរីធីធី ដែលអាជ្ញាធរសន្យាថាធ្វើឲ្យ តែបែរជាទុកចោល មិនអើពើ ពេលមានភ្លៀងធ្លាក់ម្តងៗ ជិះម៉ូតូទៅមុខមិនរួច ក្រឡុកធំៗ បង្ខំចិត្តត្រូវជិះឡើងផ្លូវរថភ្លើងបើរថភ្លើងធ្វើចរាចរណ៍មកនិងគ្រោះថ្នាក់មិនខាន។


ប្រជាពលរដ្ឋសំណូមដល់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតទើបតែឡើងថ្មី សូមជួយឈូសឆាយចាក់ថ្មមិក ឬចាក់បេតុង ឲ្យទាន់រដូវវស្សាឆ្នាំនេះផង ត្បិតអីពលរដ្ឋចង់បានផ្លូវធ្វើដំណើរ ទើបព្រមរុះរើតូប ផ្ទះ របងថយតាមការស្នើសុំរបស់អាជ្ញាធរ ហើយអាជ្ញាធរគួរតែគោរពតាមការសន្យា កុំទុកចោលនាំឲ្យពលរដ្ឋលំបាក៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *