ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ចាក់ប្លន់យកម៉ូតូមិនបានសម្រេចត្រូវប៉ូលីសចាប់វាយខ្នោះ
Tue,20 February 2018 (Time 01:38 PM)
ដោយ ៖ (ចំនួនអ្នកអាន: 56នាក់)

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចាក់ប្លន់យកម៉ូតូមិនបានសម្រេចត្រូវប៉ូលីសចាប់វាយខ្នោះបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តចាត់ការបន្ត។ហេតុការណ៍ប្លន់យកម៉ូតូមិនបានសម្រេចនេះកើតឡើងកាលពីវេលាម៉ោង 21 និង30នាទីយប់ថ្ងៃទី19 ខែកុម្ភៈឆ្នាំ2018 នៅចំណុចខាងជើងស្នាក់ការគណបក្សសង្កាត់ នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ថា ជនសង្ស័យឈ្មោះ ដែម រដ្ឋា អាយុ25ឆ្មាំ ភេទប្រុស មុខរបរជាកម្មករ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពចាក់ ជនរងគ្រោះឈ្មោះ តុល រតនះសុខា អាយុ 39ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនសាលាចិន និង រត់ម៉ូតូឌុប រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានអោយដឹងទៀតថា តាមការបំភ្លឺពីជនរងគ្រោះបានដឹងថា ជនរងគ្រោះរត់ម៉ូតូម៉ាកហុងដាទ្រីមសេ125ពណ៌ ខ្មៅសេរី2017 ពាក់ផ្លាកលេខ បន្ទាយមានជ័យ1Q.1146 បានដឹកជនសង្ស័យពីផ្លូវដើមពុទ្រា ដឹកទៅតាមផ្លូវZOA ទៅដល់ចំនុចស្ងាត់ជនសង្ស័យបានអោយឈប់ចុះនោម ពេលមកវិញ ជនសង្ស័យចាប់គ្រៀកក ចាក់ជនរងគ្រោះ ប្រតាយគ្នា ជនរងគ្រោះស្រែករកអ្នកជួយ ទើបអ្នកភូមិចេញជួយ បណ្តាលរងរបួស៦កន្លែង ត្រូវបាន យកទៅសង្គ្រោះព្យាបាលនៅ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត២។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត បានចុះមកអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនជនសង្ស័យ យកឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍បណ្តោះអាសន្ន១យប់។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅនគរបាលជំនាញខេត្តចាត់ការបន្ត៕