ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
រាជអាវុធហត្ថខេត្ត បង្រ្កាបករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់បានមួយក្រុមធំ
Sun,29 April 2018 (Time 10:57 PM)
ដោយ ៖ (ចំនួនអ្នកអាន: 28នាក់)

(បន្ទាយមានជ័យ) ៖ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង ៣០នាទី នៅចំណុចបន្ទប់ជួលលេខ ១២២ ក្នុងសណ្ឋាគារកាស៊ីណូហ្រ្កោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ នៅវេលាម៉ោង ១៨ និង ០០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ លោកបានទទួលព័ត៌មានស្តីពីការជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចកើតហេតុខាងលើ និងដោយអនុវត្តន៍តាមការអនុលោមរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗនៅនឹងកន្លែងតែម្តង ។

ពេលកម្លាំងសមត្ថកិច្ចបានចុះទៅដល់ចំណុចសង្ស័យខាងលើ ម្ចាស់បន្ទប់ដែលជាអ្នកជួញដូរនូវសារធាតុញៀនហាក់ដូចជាដឹងខ្លួនមុន បានរត់គេចខ្លួនបាត់ នៅសល់តែជនសង្ស័យ ០១ក្រុម កំពុងនិងប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧នាក់ រួមមាន ៖ ១-ឈ្មោះ សែម សុឃឿន (ហៅ ១៨) ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ប៉ែន សុធារឹទ្ធិ (ហៅ ង៉ា ) ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ៣-ឈ្មោះ សឿន ពៅ ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ៤-ឈ្មោះ ម៉ៅ ខួច ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ៥-ឈ្មោះ គី យ៉ាណូ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ៦-ឈ្មោះ ស៊ុក បូរី ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ៧-ឈ្មោះ គូ រចនា (ហៅ ស្រីទូច) ភេទ ស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្នុងប្រតិបត្តិការបង្រ្កាបខាងលើ បានចាប់យកវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំណួន ៥៤កូនថង់ ស្មើ ១៧.៥ក្រាម -គ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ ចំនួន ១៩០គ្រាប់ -ទូរស័ព្ទដៃចំនួន ០៦គ្រឿង -កាបូប ចំនួន ០២ -ប័ណ្ណព្រំដែនរបស់ឈ្មោះ ម៉ៅ ទូច ចំនួន ០១ក្បាល -កងដៃលោហធាតុពណ៌លឿង ដាំត្បូងពណ៌ស ចំនួន ០១ -ខ្សែកលោហធាតុពណ៌លឿងស ចំនួន ០១ខ្សែ ប្រវែង ៤៥សង់ទីម៉ែត្រ -ខ្សែកទង់ដែងពណ៌ស បណ្តោងរូបព្រះ ០១ខ្សែ ប្រវែង ៦៥សង់ទីម៉ែត្រ -ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បួង ចំនួន ០១វង់ -នាឡិកាដៃ ចំនួន ០៣គ្រឿង -ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ដោយផ្អែកតាមការបំភ្លឺរបស់សាក្សី និងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានបញ្ជាក់ថា រូបគេទាំង ០៧នាក់(ជនសង្ស័យ) បានទិញគ្រឿងញៀនពីឈ្មោះ ឡៃ ភេទ ប្រុស អាយុប្រហែល ៤៥ឆ្នាំ ជនជាតិថៃ ដែលជាម្ចាស់បន្ទប់លេខ ១២២ ជាន់ក្រោមដី ក្នុងកាស៊ីណូហ្ក្រោន ។ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។