ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
មនុស្សម្នាក់ស្លាប់ ឆេះផ្ទះ6ខ្នង នឹងទ្រព្យសម្បត្តិជាច្រើន ក្នុងអគ្គីភ័យយ៉ាងរន្ធត់
Mon,30 April 2018 (Time 08:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 18នាក់)

ខេត្តបាត់ដំបង ៖ផ្ទះប្រជាពលរដ្ឋ៦ខ្នង ដែលបានសង់ឡើងលក្ខណៈ ជាផ្ទះល្វែងត្រូវបាន អគ្គីភ័យឆាបឆេះគ្មានសល់ ព្រមទាំងបានសម្លាប់ មនុស្សចាស់ជរាម្នាក់ផង ខណៈដែលប្រជាពលរដ្ឋទាំងនោះ កំពុងសម្រាកយ៉ាងលង់លក់ នៅក្នុងដំណេក។ ករណីនេះកើតឡើងនៅ វេលាម៉ោង១០និង៣០ នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្រុមទី២៧ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រភពបានឲ្យដឹងថា នៅក្នុងពេលដែលប្រជាពលរដ្ឋ កំពុងសម្រាកក្នុងដំណេក ក៏ស្រាប់តែមានសម្លេង នៃការឆាបឆេះរបស់អណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅតែម្តង ទើបធ្វើឲ្យមានការភ្ញាល់ផ្អើល ដោយម្នាក់ៗគ្មានបានយកអ្វីចេញ ពីផ្ទះអោយបានច្រើននោះទេ ដោយសារតែភាពស្លន់ស្លោ។ ប្រភពបន្តថា ខណៈដែលអណ្តាតភ្លើង ឡើងពេញក្រមុំនោះ ទើបកម្លាំងបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបានចេញ ជួយអន្តរាគមន៍ដើម្បីជួយបាញ់ ទប់ស្កាត់នូវការរាលដាល ទៅលើផ្ទះដទៃទៀត ព្រោះផ្ទះនៅក្នុងតំបន់នេះ មានលក្ខណៈជាផ្ទះល្វែង ជាច្រើនខ្នងផងដែរ។

ដោយឡែកតាមការអះអាង ពីលោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យបានឲ្យដឹងថា ការឆាបឆេះនេះមានសភាព លឿនបំផុតដោយលោក បានប្រើប្រាស់ទឹកចំនួន១២ រថយន្តទើបអាចទប់ស្កាត់បាន ដោយបញ្ចប់នៅម៉ោង២ និង៣០នាទីរំលងអធ្រាត្រ។

លោកបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះដែរ មានស្ត្រីវ័យ៦០ឆ្នាំម្នាក់ បានស្លាប់នៅក្នុងភ្នក់ភ្លើងនេះ រហូតខ្លោចក្រៀមឯផ្ទះដែល រងគ្រោះមានដូចជា ១. ផ្ទះ១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រគុណ១២ម៉ែត្រ របស់ឈ្មោះ លី ស៊ីញ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ធ្វើធៀបការ(ឆេះអស់ទាំងស្រុង) ២.ផ្ទះ ០១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រគុណ១២ ម៉ែត្រ របស់ឈ្មោះ ម៉ុង រិទ្ធី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ពិធីការ (ឆេះអស់ទាំងស្រុង) ៣. ផ្ទះ ០១ ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រគុណ២០ម៉ែត្រ របស់ឈ្មោះ ណរ ទី ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ចិញ្ចឹមត្រី (ឆេះអស់ទាំងស្រុង) ៤. ផ្ទះ ០១ ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសីទំហំ ៤ម៉ែត្រគុណ២២ម៉ែត្ររបស់ឈ្មោះ ថា ផល្លី ភេទប្រុស អាយុ ៥៨ ឆ្នាំ មុខរបរសន្តិសុខ។
ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់អះអាងថា គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលមកពីមូលហេតុអ្វី ហើយចេញពីផ្ទះណាមួយនោះ នៅឡើយដែរដោយព្រឹកនេះ កម្លាំងកំពុងចុះសិក្សាស្រាវជ្រាវ៕