Elon Musk ថា​ Tesla នឹង​បិទ​ឈប់​ដំណើរការ បើ​ក្រុមហ៊ុន​ពិត​ជា​ធ្វើ​រឿង​បែប​នេះ​មែន!

  • 2021-03-22 08:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Tesla នឹង​ត្រូវ​បិទ​ក្រុមហ៊ុន​មិន​ខាន​ ប្រសិន​បើ​លោក Elon Musk ពិត​ជា​បាន​លួច​ដាក់​​​​ឧបករណ៍​ស៊ើបការណ៍​នៅក្នុង​​រថយន្ត​អគ្គិសនី​​​ប្រាកដ​មែន។ នេះ​បើ​យោង​តាម​​ការ​ថ្លែង​របស់​ស្ថាបនិក​ក្រុមហ៊ុន Tesla កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២១ ​ក្រោយ​មាន​ព័ត៌មាន​ថា​​ចិន​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​អគ្គិសនី​របស់​អាមេរិក​មួយ​នេះ​ចូល​​ទៅ​កាន់​​តំបន់​យោធា​របស់​ខ្លួន​ឡើយ។

លោក Elon Musk បាន​រៀបរាប់​ថា “មាន​ផ្នត់​គំនិត​ដ៏​​សំខាន់​មែន​ទែន​សម្រាប់​យើង​នៅ​ក្នុង​ការ​រក្សា​ការ​សម្ងាត់​ព័ត៌មាន​គ្រប់​ទម្រង់។ បើ Tesla ប្រើប្រាស់​រថយន្ត​ដើម្បី​លប​ការណ៍​នៅ​ក្នុង​ប្រទេស​ចិន ឬ​ក៏​កន្លែង​ណា​ក៏​ដោយ យើង​នឹង​ត្រូវ​បិទ​ទ្វារ”។

យោង​តាម​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ថា យោធា​ចិន​បាន​ហាម​មិន​ឲ្យ​ឡាន Tesla ចូល​ក្នុង​តំបន់​របស់​ខ្លួន​ឡើយ ក្នុង​ហេតុផល​ព្រួយ​បារម្ភ​ពី​កត្តា​សន្តិសុខ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​​កាមេរ៉ា​ដែល​បាន​ដាក់​នៅ​លើ​រថយន្ត​ប្រភេទ​នេះ។

គួរ​រំលឹក​ថា នៅ​ក្នុង​ប្រទេស​ចិន ក្រុមហ៊ុន Tesla របស់ Elon Musk លក់​រថយន្ត​បាន​ចំនួន ១៤៧ ៤៤៥​គ្រឿង កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ ដែល​នេះ​ស្មើ​នឹង​​​​ទិន្នន័យ​ចំនួន ៣០% នៃ​ការ​លក់​​សរុប​​របស់ Tesla ជុំវិញ​ពិភពលោក។ ត្បិត​ចិន​ជា​ទីផ្សារ​ធំ​សម្រាប់ Tesla តែ​នៅ​ទីនោះ​ក៏​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ក្លា​ណាស់​ដែរ​រវាង​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ក្នុង​ស្រុក និង​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​អាមេរិក​របស់​ Elon Musk។ គូ​ប្រជែង​គួរ​ឲ្យ​កត់​សម្គាល់​ជាង​គេ​​របស់ Tesla នៅ​ចិន​គឺ​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Nio និង Geely ដែល​កំពុង​មាន​សន្ទុះ​នៃ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង៕

ប្រភព៖ CNBC

2 Shares

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap