Bitcoin អាច​ប្រើ​ដើម្បី​ទិញ​រថយន្ត​អគ្គិសនី Tesla បាន​ហើយ!

  • 2021-03-25 07:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​ការ​បង្ហោះ​មួយ​ក្នុង​បណ្ដាញ​សង្គម Twitter របស់​លោក Elon Musk បាន​ប្រកាស​ថា កាក់​ឌីជីថល Bitcoin ត្រូវ​បាន​ទទួល​ស្គាល់​ជា​រូបិយប័ណ្ណ​​​ផ្លូវការ​ហើយ​ សម្រាប់​ការ​ទូទាត់​ទិញ​រថយន្ត​អគ្គិសនី​​ពី​ក្រុមហ៊ុន Tesla។ ការ​ទូទាត់​ថ្មី​នេះ​ធ្វើ​ឡើង​ជា​ជំហាន​ដំបូង​នៅ​ក្នុង​​ទឹក​ដី​អាមេរិក​តែ​​ប៉ុណ្ណោះ។

លោក Elon Musk បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​ការ​ទូទាត់ Bitcoin នៅ​ក្នុង​បណ្ដា​ប្រទេស​ដទៃ​ទៀត នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​អំឡុង​ចុង​ឆ្នាំ​២០២១​ខាង​មុខ។ យ៉ាង​ណា​មិញ លោក​មិន​បាន​ប្រាប់​ថា​មាន​ប្រទេស​ណា​ខ្លះ​​នោះ​ទេ។

ភ្លាមៗ​ក្រោយ​ពី​ការ​​បង្ហោះ​របស់​ស្ថាបនិក​ក្រុមហ៊ុន Tesla កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា នេះ បាន​ធ្វើ​​ឲ្យ​តម្លៃ​កាក់ Bitcoin ហក់​ឡើង​ជិត ៣% ដល់ ៥៦២៤២​ដុល្លារ​ក្នុង​១​កាក់ (គិត​ត្រឹម​ថ្ងៃ​ទី​២៤ មីនា ក្រោយ​ Tweet របស់​លោក Musk)។ អ៊ីចឹង​បាន​ន័យ​ថា Bitcoin ត្រឹម​១​កាក់ អាច​ទិញ​រថយន្ត​អគ្គិសនី​ម៉ាក Model 3 របស់ Tesla បាន​១​គ្រឿង​យ៉ាង​ងាយ ហើយ​នៅ​សល់​ប្រាក់​ទុក​ចាយ​ជាង​១​ម៉ឺន​ដុល្លារ​ថែម​​ទៀត​ផង។ តម្លៃ Tesla Model 3 នៅ​អាមេរិក​គឺ​ទាប​ជាង ៤០០០០​ដុល្លារ។ ដោយឡែក​ បើ​និយាយ​ពី​ Model X ដែល​ជា​រថយន្ត​កំពូល​របស់ Tesla វិញ គឺ​ត្រូវ​​ការ​ទូទាត់​ Bitcoin តែ​២​កាក់​ជាង​បន្តិច​ប៉ុណ្ណោះ ព្រោះ​រថយន្ត​នេះ​មាន​តម្លៃ​ត្រឹម ១២​ម៉ឺន​ដុល្លារ។

សូម​រំលឹក​ថា ការ​ទទួល​យក Bitcoin ជា​របៀប​​ទូទាត់​ប្រាក់​​ថ្មី​បន្ថែម​ទៀត​របស់ Tesla នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​​មាន​ការ​ប្រកាស​មួយ​របស់​ក្រុមហ៊ុន​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថា ខ្លួន​បាន​ទិញ​កាក់ Bitcoin ក្នុង​ទំហំ​ទឹកប្រាក់​ ១,៥​ពាន់​លាន​ដុល្លារ​ឯណោះ៕

ប្រភព៖ CNBC

1 Share

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap