ក្រុមហ៊ុនសិង្ហបុរី ផលិតដ្រូនចម្បាំង ល្បឿនលឿន និងរាងដូចយានក្រៅភព

  • 2021-03-29 10:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុមហ៊ុន Kelley Aerospace ដែលមានស្នាក់ការនៅសិង្ហបុរី កាលពីសប្ដាហ៍មុន បានបង្ហាញគំរូយន្តហោះដ្រូនចម្បាំង ដែលផលិតពី​កាបូន និងអាចហោះក្នុងល្បឿនលឿនជាងសំឡេង ២,១ដង ឬ ២ ៥៧២គីឡូម៉ែត្រក្នុងមួយម៉ោង។

រូបភាព៖ CNA

ដ្រូនចម្បាំងនេះ មានបណ្ដោយប្រវែង ១៤ម៉ែត្រ និងទទឹង ៩ម៉ែត្រ រួមជាមួយពណ៌ក្រម៉ៅ ដែលមើលទៅដូចជាយានរបស់​មនុស្សក្រៅភព។ ដ្រូនចម្បាំងនេះ អាចហោះបានជាមួយនឹងការផ្ទុកសម្ភារៈខាងក្រៅ រហូតដល់ទម្ងន់ ១៦ ៨០០គីឡូក្រាម និងហោះបានជាង ៤ ០០០គីឡូម៉ែត្រ មុនត្រូវចុះមកចាក់សាំងវិញ។ សម្ភារៈដែលអាចបំពាក់ខាងក្រៅបាន រួមមានធុងសាំង មីស៊ីល ឬអាវុធអេឡិចត្រូនិកជាដើម។

ក្រុមហ៊ុនបញ្ជាក់ថា ដ្រូនចម្បាំងនេះ​អាចបញ្ឆោត​ធ្វើជា​ឧបករណ៍​សម្រាប់​វាយប្រហារ​ពីផ្ទៃដីទៅអាកាស អាច​វាយប្រហារ​ជាមួយយន្តហោះចម្បាំងសត្រូវ បង្កការរាំងស្ទះដល់ទំនាក់ទំនង និងរ៉ាដារបស់សត្រូវ រួមជាមួយការស្វែងរក និងបំផ្លាញគោលដៅសត្រូវ ឬទីតាំងមីស៊ីលដែលបាញ់​ពីផ្ទៃដីទៅអាកាស។

រូបភាព៖ CNA

ក្រុមហ៊ុន​បញ្ជាក់ថា ដ្រូនចម្បាំងនេះ មានតម្លៃចាប់ពី ៩លានដុល្លារ ដល់ ១៦លានដុល្លារ ទៅតាមការចង់បានរបស់អ្នកបញ្ជាទិញ។ ក្រុមហ៊ុន​បានទទួលការបញ្ជាទិញជាមុន ចំនួន ១០០គ្រឿងរួចហើយ ពីប្រទេសជាច្រើន។

ក្រុមហ៊ុនគ្រោងចាប់ផ្ដើមផលិតដ្រូននេះ នៅខែសីហា ឆ្នាំ២០២១ ដោយត្រូវការអ្នកជំនាញពី ៨០ ទៅ ១០០នាក់ ដើម្បីហ្វឹកហាក់ដល់កម្មករក្នុងប្រទេសប្រមាណ ២០០នាក់ សម្រាប់បច្ចេកទេសការផលិត៕

ប្រភព៖ Channel News Asia

2 Shares

អត្ថបទ៖ បុរីរម្យ

Copy link
Powered by Social Snap