លោក RYU HIROSE និយាយ​អ្វី​ខ្លះ ក្នុង​ឋានៈ​ជា​គ្រូ​បង្គោល​ថ្មី​ក្រុម​ជម្រើស​ជាតិ​កម្ពុជា?

  • 2021-03-29 15:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក RYU HIROSE គ្រូ​បង្គោល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ដែល​ជា​ជនជាតិ​ជប៉ុន ​ហើយ​ដែលទើប​នឹងទទួល​តំណែង​ថ្មី​ជំនួស​គ្រូបង្គោល​ជនជាតិ​អាហ្សង់ទីន លោក Felix G. Dalmasបាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន ក្នុង​ដំណើរ​ដឹកនាំ​ក្រុម​ប្រកួត​អន្តរជាតិ​នានា និង​ឆ្ពោះ​ទៅ ស៊ីហ្គេម ចុងឆ្នាំ២០២១ នៅ​ប្រទេស​វៀតណាម និង​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ីហ្គេម លើក​ទី​៣២​ ​ឆ្នាំ​២០២៣ ​នៅ​កម្ពុជា។

ស្ថិត​នៅ​ក្នុង​វ័យ​៦៥​ឆ្នាំ លោក RYU HIROSE បាន​និយាយ​ថា «ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ដែល​បាន​ក្លាយ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។ ក្នុង​នាម​ជា​គ្រូបង្វឹក​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា ខ្ញុំ​នឹង​ទទួល​ខុសត្រូវ​លើ​គ្រប់​បញ្ហា ដែល​កើត​មាន​ឡើង បើ​ទោះ​បី​មាន​ភាព​លំបាក ស្មុគស្មាញ​យ៉ាង​ណា​ក៏ដោយ។ ចាប់​ពី​ពេល​នេះ​តទៅ​ខ្ញុំ​នឹង​លះបង់​ខ្លួនប្រាណ ឆន្ទៈ​របស់​ខ្ញុំ និង​យក​បទពិសោធន៍ ដែល​បាន​ពី​អាជីព​ជា​គ្រូ​បង្វឹក​បាល់ទាត់​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន ដើម្បី​ជួយ​បណ្តុះ​បណ្តាល​ឱ្យ​កីឡាករ មាន​ការ​អភិវឌ្ឍ រីក​ចម្រើន​ទៅ​មុខ និង​កសាង​ក្រុម​មួយ ដែល​ខ្លាំង​សម្រាប់​ប្រកួតប្រជែង​ជាមួយ​ក្រុម​នៅ​ក្នុង​តំបន់​អាស៊ី និង​ពិភពលោក​ផង​ដែរ។ សូម​អរគុណ​ដល់​បងប្អូន​អ្នកគាំទ្រ​កីឡា​បាល់​ទាត់​កម្ពុជា​ទាំង​អស់ ជួប​តែ​សំណាង​ល្អ»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជា​ផ្លូវ​ការ​ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC)។

លោក RYU HIROSE ក្នុង​ឋានៈ​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​រួម​គ្នា​ជាមួយ​លោក Keisuke Honda ជា​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បន្ត​កិច្ចសន្យា​ថ្មី​ដល់​ឆ្នាំ​២០២៣ បន្ទាប់​ពី​កិច្ចសន្យា​ចាស់ នា​ខែ​សីហា ឆ្នាំ​២០១៨​ដល់​ខែ​សីហា ឆ្នាំ​២០២០។

ការ​កាន់កាប់​តំណែង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​របស់​លោក RYUHIROSE នឹង​ត្រូវ​បន្ត​នូវ​ភារកិច្ច​ធំៗ​ជាច្រើន ដូចជា ការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ FIFAWorld Cup Qatar 2022 នា​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០២១នេះ ចំនួន​៣​ប្រកួត, ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup, AFF Suzuki Cup និង​ព្រឹត្តិការណ៍ SEA Games លើក​ទី​៣១ ​នា​ខែវិច្ឆិកា-ធ្នូ ឆ្នំា២០២១ នៅ​ប្រទេស​វៀតណាម និង​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ ស៊ីហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ នៅ​កម្ពុជា៕

ប្រភព៖ AKP

0 Shares

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap