តោះ! មក​ស្វែង​យល់​ពី​ជំងឺ​រលាក​សួត​ស្រួចស្រាវ

  • 2021-03-30 10:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​រលាក​សួត​គឺ​ជា​ជំងឺ​អាច​បង្ក​ឲ្យ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​សម្រាក​ពេទ្យ ឬ​សង្គ្រោះ​កម្រិត​ធ្ងន់។ ជំងឺ​នេះ​បង្ក​ដោយ​មាន​ការ​ចម្លង​ចូល​មេរោគ​តាម​រយ:​ផ្លូវ​ដង្ហើម។ វា​ចូល​ទៅ​បំផ្លាញ​សួត​បង្ក​ឱ្យ​រលាក​ ឬ​សាយភាយ​មេរោគ ឬ​សារជាតិ​របស់​មេរោគ​ទៅ​សរីរាង្គ​ផ្សេងៗ​ដែល​ធើ្វ​ឲ្យ​សុខភាព​មនុស្ស​ចុះ​ខ្សោយ ហត់ គ្រុនញាក់​ភ្លាមៗ ឬ​រហូត​ដល់​ស្លាប់។ តែ​ប្រសិន​បើ​អ្នក​ជំងឺ​មក​ពិនិត្យ​សុខភាព​ឬ​សម្រាក​ពេទ្យ បាន​ទាន់​ពេល​វេលា និង​ទទួល​យក​ការ​ព្យាបាល​ពី​គ្រូពេទ្យ​តាម​វេជ្ជបញ្ជា ថ្នាំ​ប្រឆាំង​មេរោគ​បាន​ត្រឹមត្រូវ នោះ​ជំងឺ​រលាក​សួត​នេះ​គឺ​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន។

១) រោគ​សញ្ញា÷

អ្នក​ដែល​កើត​ជំងឺ​រលាក​សួត​មាន​អាការៈ

– គ្រុនក្តៅ ញាក់​ភ្លាមៗ (ស្រួចស្រាវ)

– ឈឺ​ក្នុង​ទ្រូង ដូច​គេ​ចាក់

– ហត់​ដង្ហក់ មាន​ដង្ហើម​ញាប់

– ក្អក ពុំ​មាន​ស្លេស្ម ឬ​មាន​ស្លេស្ម និង​អាច​មាន​ក្លិន

– វង្វេង​ស្មារតី (ករណី​មនុស្ស​ចាស់​ខ្លាំង​ជា​ដើម)។

២) មូលហេតុ÷

មេរោគ​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​សួត គឺ​បាក់តេរី​ភាគ​ច្រើន ចូល​តាម​ផ្លូវ​ដង្ហើម។

៣) ការ​ព្យាបាល÷

ជំងឺ​នេះ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិច ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ ​ច្បាស់លាស់ ក្រោយ​ពី​ការ​ពិនិត្យ-ពិគ្រោះ សំដៅ​ប្រសិទ្ធភាព​សម្លាប់​បាក់តេរី និង​ដោយ​អាស្រ័យ​លើ​កម្រិត​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រលាក​សួត៖

– ព្យាបាល​នៅ​ផ្ទះ: សម្រាប់​អ្នក​ជំងឺ​ក្មេង ពុំ​មាន​សញ្ញា​ធ្ងន់​និង​ពុំ​មាន​ជំងឺរ៉ាំរ៉ៃ។

– ព្យាបាល​សម្រាក​ពេទ្យ: សម្រាប់​អ្នក​ជំងឺ​អាយុ​ច្រើន ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ ឬ​មាន​សញ្ញា​ធ្ងន់ (ដង្ហើម​ញាប់ ចង្វាក់​បេះដូង​ញាប់ វង្វេង​ជាដើម)។

– ព្យាបាល​សង្គ្រោះ​កម្រិត​ធ្ងន់: ខ្សោយ​ផ្លូវ​ដង្ហើម​ខ្លាំង (តម្រូវ​ឲ្យ​មាន​ប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម) ឬ​សម្ពាធ​ឈាម​ទាប​ខ្លាំង (តម្រូវ​ផ្តល់​ថ្នាំ​ជំនួយ)។

៤) ការ​ការពារ÷

– អនាម័យ​ទូទៅ សម្អាត​មាត់​ធ្មេញ ដៃ និង​ក្អក​ ​ឬ​កណ្ដាស់​ប្រើ​កន្សែងដៃ​ខ្ទប់​មាត់​ច្រមុះ

– ចាក់​វ៉ាក់សាំង​បេសេហេ្ស ចំពោះ​ទារក​ទើប​កើត

– ចាក់​វ៉ាក់សាំង ​ការពារ​រលាក​សួត ឬ​ចាក់​វ៉ាក់សាំង​ការពារ​ផ្ដាសាយ ករណី​អ្នក​ជំងឺ​មាន​ជំងឺ​រ៉ាំរ៉ៃ ។

– ថែរក្សា​អនាម័យ​លំនៅឋាន មាន​ខ្យល់​អាកាស​ល្អ កាត់​បន្ថយ​ផ្សែង​ក្នុង​ផ្ទះ (ផ្សែង​ចម្អិន​អាហារ) ផ្សែង​បារី និង​ផ្សែង​ក្រៅ​ផ្ទះ៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

1 Share

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap