ឈាមរដូវ​បែប​ណា ដែល​មិន​ប្រក្រតី​សម្រាប់​ស្ត្រី?

  • 2021-03-31 09:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​រដូវ គឺ​ជា​បញ្ហា​មួយ​ដែល​ស្ត្រី​ភាគ​ច្រើន​កំពុង​តែ​ជួប​ប្រទះ។ អ្នក​ខ្លះ​អាច​មាន​ភាព​អៀន​ខ្មាស​ក្នុង​ការ​និយាយ អ្នក​ខ្លះ​ទៀត​ក៏​គិត​ថា​បញ្ហា​ទាំង​អស់​នោះ​គឺ​ជា​រឿង​ធម្មតា។

តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ដឹង​ថា​ ​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស គឺ​ជា​ការ​មក​រដូវ​ធម្មតា ឬ ក៏​ជា​ការ​ធ្លាក់​ឈាម​ដែល​ខុស​ប្រក្រតី?

ការ​មក​រដូវ​ធម្មតា គឺ​ជា​ការ​ធ្លាក់​ឈាម​តាម​ទ្វារមាស ដែល​មាន​វដ្ត​រដូវ​ទៀង​ទាត់​គឺ ​២៨​ថ្ងៃ ហើយ​វដ្ត​រដូវ​នេះ​អាច​ប្រែប្រួល​ចន្លោះ​ពី ៣​ ​ទៅ ៧ ថ្ងៃ និង​មាន​បរិមាណ​ឈាម​ប្រហែល​ ​៨០ ​មល ( បើ​គិត​ជា​បន្ទះ​សំឡី ១ បន្ទះ = ៥ ​មល​ ) ។

ស្ត្រី​ភាគ​ច្រើន​មក​រដូវ​ជា​លើក​ដំបូង​នៅ​អាយុ ១២ ទៅ ១៣ ឆ្នាំ ហើយ​អាច​មក​រដូវ​លឿន​ជាង​នេះ ប្រសិន​បើ​ស្រ្តី​រស់នៅ​ក្នុង​ប្រទេស​ជឿនលឿន ហើយ​ស្ត្រី​ក៏​អាច​មក​រដូវ​យឺត​ជាង​នេះ ប្រសិន​បើ​គាត់​រស់នៅ​ក្នុង​ប្រទេស​ដែល​ក្រីក្រ។

ចំពោះ​ការ​ធ្លាក់​ឈាម​មិន​ធម្មតា វា​អាច​មាន​ច្រើន​សណ្ឋាន​ដូចជា ÷

  • ស្ត្រី​មាន​រដូវ​ទៀង​ទាត់​ ប៉ុន្តែ​ការ​ធ្លាក់​ឈាម​មាន​រយៈពេល​យូរ លើស​ពី ៧ ថ្ងៃ ហើយ​បរិមាណ​ឈាម​ច្រើន​លើស​ពី ៨០ ​មល
  • ស្ត្រី​អាច​មាន​វដ្ដ​រដូវ​មិន​ទៀងទាត់ ឬ​ក៏​មាន​ធ្លាក់​ឈាម​ចន្លោះ​វដ្ត​រដូវ
  • ស្ត្រី​អាច​មាន​វដ្ដ​រដូវ​ទៀងទាត់ ​ប៉ុន្តែ​វដ្ដ​រដូវ​តិច​ជាង ២១ ថ្ងៃ
  • ស្ត្រី​មាន​វដ្ដ​រដូវ​មិន​ទៀងទាត់​ហើយ​ធ្លាក់​ញឹកញាប់ រយៈពេល​ធ្លាក់​ឈាម​យូរ​លើស​ពី ៧ ថ្ងៃ ហើយ​បរិមាណ​ឈាម​លើស​ពី ៨០ ​មល
  • ស្ត្រី​អាច​មាន​វដ្ដ​រដូវ​មិន​ទៀងទាត់ ហើយ​វដ្ដ​រដូវ​វែង​លើស​ពី ៣៥ ថ្ងៃ
  • ការ​រាំង​រដូវ គឺ​ស្ត្រី​បាត់​រដូវ​រយៈពេល​ ៦ ​ខែ​ឬ​លើស​ពី​នេះ។

មូលហេតុ​នៃ​ការ​ធ្លាក់​ឈាម​មិន​ធម្មតា​តាម​ទ្វារមាស​​ ​មាន​ច្រើន​ដូចជា÷

​- កត្តា​ទ្វា​រមាស :​ អាច​របួស​ឬ​ដាច់​រហែក

– កត្តា​មាត់ស្បូន : ដុះ​សាច់​មាត់​ស្បូន រលាក​មាត់​ស្បូន មហារីក​មាត់​ស្បូន

– កត្តា​ស្បូន : មាន​ដុំ​ស្បូន មហារីក​ស្រទាប់​ស្តើង​របស់​ស្បូន រលាក​ស្រទាប់​ស្តើង​របស់​ស្បូន មាន​វត្ថុ​ពី​ក្រៅ​នៅ​ក្នុង​ស្បូន រលូត​កូន​មិន​ស្អាត

– កត្តា​ដៃស្បូន : ដុំ​កន្សោម​ពង​ ​រលាក​ដៃ​ស្បូន កូន​ក្រៅ​ស្បូន

– វិបត្តិ​កំណក​ឈាម : ឈាម​មិន​កក

– ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ដូចជា ៖ ខ្សោយ​ថ្លើម ខ្សោយ​តម្រង​នោម វិបត្តិ​ក្រពេញ​ពក​ក​ជា​ដើម

– ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា​ : ថ្នាំ​ប្រឆាំង​នឹង​ឈាមកក ថ្នាំ​ផ្លូវ​ចិត្ត

– ការ​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត

– វិបត្តិ​ផ្លូវចិត្ត : ថប់​បារម្ភ

– វិបត្តិ​អ័រម៉ូន : ពេល​វ័យ​គ្រប់​ការ ឬ​ជុំវិញ​ការ​អស់​រដូវ៕

ដកស្រង់៖ RHAC

1 Share

អត្ថបទ៖ អយុធ្យា

Copy link
Powered by Social Snap