ក្រសួងបង្ហាញយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប

  • 2021-01-14 19:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការបង្ហាញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំ«សេចក្ដីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប» ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា នេះ។​

លោករដ្ឋមន្ត្រីបញ្ជាក់ថា គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា «គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់» ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។

ជាមួយគ្នានេះ អង្គប្រជុំបានបង្ហាញយុទ្ធសាស្ត្រគោលចំនួន ៩ នៅក្នុងឯកសារព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ ដែលរួមមាន៖

១ យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប

២ យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប

៣ យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍

៤ យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍

៥ យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប

៦ យុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍវិស័យពាក់ព័ន្ធនានា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប

៧ យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ខេត្តកែប

៨ យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប

៩ យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប

លោក  នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងនេះ បានថ្លែងថា គណៈកម្មការអន្តរក្រសួងបានកំណត់យកប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗចំនួន ៤ សម្រាប់ខេត្តកែប ដែល ក្នុងនោះរួមមានទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ៍ និងតំបន់ប្រជុំកោះ។

លោក  អនុរដ្ឋលេខាធិការបន្តថា ដោយសារខេត្តកែបគឺជាខេត្តទី២ បន្ទាប់ពីខេត្តកំពតដែលអាចផលិតអំបិល ហើយផលិតផលអំបិលនេះគឺជាទំនិញយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ ទើបរាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យការពារតំបន់ស្រែអំបិល និងជំរុញឱ្យមានការផលិតអំបិលឱ្យបានកាន់តែច្រើនឡើង។ ផែនការមេនេះ នឹងបម្លែងគោលដៅនៅតំបន់ស្រែអំបិល ទៅជាគោលដៅកសិទេសចរណ៍ស្រែអំបិល ក្នុងនោះក៏មានការបង្កើតសារៈមន្ទីរស្រែអំបិល ដើម្បីបង្ហាញទៅដល់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិឱ្យបានស្គាល់អំពីផលិតកម្មអំបិលនៅកម្ពុជាផងដែរ។

ក្រៅពីនេះ នៅមានគម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែបដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាកែលម្អឆ្នេរអង្កោលឱ្យមានភាពប្រណីតទាក់ទាញ និងមានឆ្នេរថ្មីមួយទៀតដែលមាន

លាតសន្ធឹងចាប់ពីខាងកើតផ្សារក្ដាម ទៅដល់តំបន់ព្រៃកោងកាងអូរក្រសា ដោយឆ្នេរថ្មីជាតំបន់ទឹករាក់ និងមិនមានជីវចម្រុះនោះទេ។ ក៏មានដែរ គម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជា ការពង្រីកផលិតផលកីឡាទេសចរណ៍កម្រិតអន្តរជាតិ សារៈមន្ទីរសង្គ្រាមទេសចរណ៍ ដំណើរទស្សនានៅតាមប្រជុំកោះ (ខេត្តកែបមានកោះសរុបចំនួន ១៣ កោះ) ដែលសម្បូរទៅដោយជីវចម្រុះសម្បូរបែប ដូចជា ផ្កាថ្ម ផ្សោតសមុទ្រ ជ្រូកទឹក មច្ឆាជាតិ និងប្រភេទសត្វកម្រជាច្រើនទៀត ការបង្កើតឱ្យមានផ្សារទំនើបខ្នាតតូច (Mart) ផ្សាររាត្រី វិថីម្ហូបអាហារ (Food Street) និងតភ្ជាប់ទេសចរណ៍ផ្លូវទឹកពីកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតមកខេត្តកែប ព្រមទាំងការបង្កើតពិធីបុណ្យ និងព្រឹត្តិការណ៍ទេសចរណ៍នានាផងដែរ៕

1 Share

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap