ក្រុមយោធាមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារជាថ្មី នៅថ្ងៃនេះ

  • 2021-02-01 12:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១ ខែកុម្ភៈនេះ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្ដីពី​ការផ្ទេរអំណាច​រដ្ឋ​ទាំងអស់ ទៅឱ្យ​អគ្គបញ្ជាការ​កងទ័ព​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង កាន់កាប់។ សេចក្ដីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​មេដឹកនាំ​ប្រទេសដែល​មាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប្រធានាធិបតី Win Myint និង​សមាជិក​សំខាន់ៗ​របស់​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ត្រូវ​ចាប់ខ្លួន​ដោយ​ពួកយោធា​។

កាលពី​សប្ដាហ៍​មុន ក្រុម​យោធា​បាន​ព្រមាន​ពី​ការធ្វើ​រដ្ឋប្រហារ​ ដោយការមិន​ពេញចិត្ត​នឹង​ការបោះឆ្នោត​កាលពីខែវិច្ឆិកា ឆ្នាំ​២០២០ ដែលគណបក្សលោកស្រីស៊ូជី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ ក្រុម​យោធា​បានចោទថា ការបោះឆ្នោតនេះមានការ​ក្លែងបន្លំ​ជាច្រើន ហើយថាគណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ មិន​ព្រម​ដោះស្រាយ​ភាពមិនប្រក្រតី​ដ៏​ធំ​ក្នុងការ​បោះឆ្នោត​​ទៀតផង​។​

នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីធ្វើរដ្ឋប្រហារមិនបង្ហូរឈាមរួចមក យោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ ។

​សហរដ្ឋអាមេរិក តាមរយៈ​សេចក្តីថ្លែងការណ៍​សេត​វិមាន បានទាមទារ​ឱ្យដោះលែង​លោកស្រី​ស៊ូ​ជី​ផងដែរ​។ បន្ថែម​ពីនេះ អាមេរិក ក៏​ព្រមាន​ពី​ការឆ្លើយតប​ប្រឆាំង​ទៅនឹង​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​នយោបាយ​ថ្មី​នេះ បើ​មិនមាន​ការផ្លាស់ប្តូរ​មក​ស្ថានការណ៍​ដើម​។​

បច្ចុប្បន្ន យោធាមីយ៉ាន់ម៉ា កំពុងគ្រប់គ្រងស្ថានការណ៍ ហើយកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ក្នុងរដ្ឋធានីណៃពិដោរ និងទីក្រុង យ៉ាងហ្គន។ ចំណែកឯ បណ្ដាញទូរស័ព្ទ, អ៊ីនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានា នៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗ ក៏ត្រូវបានកាត់ផ្ដាច់ ។

​សូមរំលឹកថា នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ មី​យ៉ាន់​ម៉ា​បោះឆ្នោត​លក្ខណៈ​ប្រជាធិបតេយ្យ​ជា​លើក​ទី​ពីរ បន្ទាប់ពី​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​យោធា​រយៈពេល​៤៩​ឆ្នាំ​។ លទ្ធផល​នៃ​ការបោះឆ្នោត​បង្ហាញថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​អាសនៈ​ចំនួន​៣៩៦ ក្នុងចំណោម​៤១២ ដែល​បើកផ្លូវ​ឲ្យ​បក្ស​លោកស្រី​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​ងាយ​៕

3 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap