ក្រសួងកសិកម្មសម្រេចឱ្យនាំចូលត្រីពីប្រទេសជិតខាងឡើងវិញហើយ

  • 2021-02-08 14:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅថ្ងៃនេះ ក្រសួងកសិកម្មបានសម្រេចឱ្យមានការនាំចូល ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ពីប្រទេសជិតខាងមកកម្ពុជាវិញហើយ ។ ការបើកឱ្យនាំចូលឡើងវិញនេះ គឺដើម្បីបំពេញតម្រូវការជាក់ស្តែងនៅក្នុងប្រទេស  ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុទ្ធជាធរមាន។ 

សូមរំលឹកថា កាលពីថ្ងៃទី០៨មករាកន្លងទៅ ក្រសួងកសិកម្មបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីចំនួន៤ប្រភេទខាងលើពីប្រទេសវៀតណាម ដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មកម្ពុជា​ ក្នុងពេលវិបត្តិកូវីដ១៩។

ប៉ុន្តែ កាលពីថ្ងៃទី១៩មករា ភាគីវៀតណាមបានផ្ញើលិខិតមួយច្បាប់មករដ្ឋាភិបាលកម្ពុជា ឱ្យលុបចោលការផ្អាកជាបណ្តោះអាសន្ននូវការនាំត្រីទាំង៤ប្រភេទនេះ។ ភាគីវៀតណាមបានលើកឡើងថា ការផ្អាកនេះនឹងធ្វើឲ្យប៉ះពាល់ដល់ស្មារតីពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។

តែទោះជាយ៉ាងណាក៏ដោយ ក្រសួងនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញ នាំចូលផល ផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាង និង ទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស ហើយក្រសួងនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករ ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹង សមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី ព្រមទាំងធានាដល់ការការពារសុខភាព មនុស្ស សត្វ បរិស្ថាន និងជំរុញកំណើនពាណិជ្ជកម្មផងដែរ៕​

ចុចអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម

0 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap