Golden Globes ផ្តល់ពានរង្វាន់ “អ្នកដឹកនាំរឿងល្អបំផុត” ឱ្យស្ត្រីម្នាក់

  • 2021-03-01 14:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រ្តីអ្នកដឹកនាំរឿងឈ្មោះ Chloé Zhao បានទទួលពានរង្វាន់ “អ្នកដឹកនាំ​រឿងល្អ​បំផុត” ពីមហោស្រពភាពយន្ត Golden Globes ក្នុង២០២១ នេះ។ ការណ៍នេះ បង្កើតបានជា​ប្រវត្តិ​សាស្ត្រ​​ថ្មីមួយទៀតក្នុងរយៈពេល៧៨ឆ្នាំរបស់មហោស្រព និងធ្វើឱ្យ​នាង​​ក្លាយ​ជាស្ត្រីទី២ ដែលទទួលបានពាននេះ។  ស្ត្រីដំបូងដែលទទួលបានពាននេះដែរ គឺលោកស្រី Barbra Streisand ដែលដឹក​នាំរឿង “Yentl”។

នាង Chloé Zhao ទទួលបានពានរង្វាន់ “អ្នកដឹកនាំរឿងល្អបំផុត” នៅក្នុងរឿង “Nomadland”។ រឿងនេះ​ក៏ទទួលបានពានរង្វាន់ “តោមាស” ពីមហោស្រពភាព​យន្ត​ទីក្រុងវើនីសផងដែរ។​

បេក្ខជនដែលត្រូវជ្រើសតាំងដើម្បីទទួលពាន “អ្នកដឹកនាំរឿង​ល្អបំផុត” ក្នុងឆ្នាំ២០២១​នេះ​រួមមាន៖ David Fincher (ខ្សែភាពយន្តរឿង Mank) Regina King (ខ្សែភាពយន្តរឿង One Night in Miami) Emerald Fennell (ខ្សែភាពយន្ត រឿង Promising Young Woman)និង Aaron Sorkin (ខ្សែភាពយន្តរឿង The Trial of the Chicago 7)។

មហោស្រពភាពយន្ត Golden Globes  បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយ​បានជ្រើសតាំងបេក្ខជនជាស្ត្រីចំនួន៣រូបចុងក្រោយគឺ Zhao, Fennell និង  King ដើម្បីទទួលបានពាន​រង្វាន់“អ្នកដឹកនាំរឿងល្អបំផុត”។

អ្នកដឹកនាំរឿង Chloé Zhao ដែលទទួលបានពានរង្វាន់ “អ្នកដឹកនាំ​រឿងល្អ​បំផុត” ពីមហោស្រពភាពយន្ត Golden Globes ក្នុង២០២១ នេះ។

ការជ្រើសតាំងអ្នកទាំង៣ គឺការជ្រើសតាំងដំបូងបំផុត ក្នុងរយៈ​ពេល ៦ឆ្នាំចុងក្រោយ ដែលអ្នក​ដឹកនាំរឿងជាស្ត្រី មានឱកាសឡើងមកកាន់ចំណុចនេះ ។ នៅ​មុនឆ្នាំ ២០២១ តាមរយៈខ្សែភាពយន្តរឿង“Selma”  អ្នកដឹកនាំរឿង Ava DuVernay គឺជាស្ត្រី​តែ​ម្នាក់​ដែល​ត្រូវបានជ្រើសតាំងជាបេក្ខជនទទួលពាន “អ្នកដឹកនាំរឿងល្អបំផុត” ក្នុងមហោ​ស្រព​ភាពយន្ត Golden Globes ឆ្នាំ ២០១៥ តែអ្នកស្រីមិនទទួលបានពានទេ។​

នៅឆ្នាំ ២០២១​ នេះ ស្រាប់តែមហោស្រពនេះ​ ជ្រើស​តាំងជា​បេក្ខជនទទួលពានអ្នកដឹកនាំរឿងល្អបំផុតជាស្ត្រីចំនួន៨រូប បន្ទាប់ពីទទួល​ការរិះ​គន់ថាពាន​រង្វាន់“អ្នកដឹកនាំរឿងល្អបំផុត” នេះ គឺទុកសម្រាប់​តែបុរសៗ។​

សូមរំលឹកផងដែរថា Chloé Zhao កើតនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ១៩៨២។ នាងជាអ្នកដឹកនាំរឿង អ្នកសរសេរអត្ថបទភាពយន្ត និង ជាផលិតករជនចិន។ ខ្សែភាពយន្តរឿង “Nomadland” របស់  Zhao គឺជារឿងទី៣ បន្ទាប់ពីរឿង “Songs My Brother Taught Me” និង រឿង “The Rider” ៕

5 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap