“ទឹកធ្លាក់ភ្នំខៀវ” កំពុងទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទី

  • 2021-03-01 19:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រមណីយដ្ឋាន​“ទឹកធ្លាក់ភ្នំខៀវ ឬទឹកធ្លាក់អូរតាវ៉ៅ” ដែលស្ថិតក្នុងខេត្តប៉ៃលិន បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទីឱ្យទៅទស្សនាតំបន់ដ៏ស្រស់បំព្រងមួយនេះ។

ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន និង​ មានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន តំបន់ធម្មជាតិនៅភាគខាងលិចប្រទេសមួយនេះ មានទឹកធ្លាក់រហូតដល់ទៅ៧ជាន់ ។

ទឹកជ្រោះមួយកន្លែង នៅក្នុងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ខេត្តប៉ៃលិន​ (រូបថត៖ ក្រសួងទេសចរណ៍)

រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» មានស្ទឹងធម្មជាតិដែលមានទឹកថ្លាយង់  មានទឹកជ្រោះយ៉ាងខ្ពស់ហូរធ្លាក់លើល្បាក់ថ្មបែកផ្កាត្រែង និងមានខ្យល់អាកាសត្រជាក់ស្រេង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ សប្បាយរីករាយក្រៃលែង។

បន្ថែមលើនេះ បរិវេណកម្សាន្តត្រូវបានកែច្នៃឱ្យមានកន្លែងអង្គុយលេង មានខ្ចូសអង្គុយទទួលទាន​អាហារ​ជាច្រើន។ ចំណែកអាហារដែលលក់ដូរនៅទីនោះ មិនមានតម្លៃថ្លៃនោះទេ។ នៅបរិវេណនោះ ក៏មានកន្លែងសម្រាប់ចតយានយន្ត និងមានសន្តិសុខយាមកាមយ៉ាងល្អ ។

បច្ចុប្បន្ន មន្ទីរឣង្គភាពពាក់ព័ន្ធកំពុងការស្ថាបនាផ្លូវទៅកាន់ រមណីយដ្ឋាន “ទឹកធ្លាក់ភ្នំខៀវ” ដើម្បីលើកកម្ពស់សោភ័ណភាព សំដៅទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

មន្ត្រីនៃមន្ទីរសាធារណការ ខេត្តប៉ៃលិន កំពុងកសាងផ្លូវចាក់បេតុងឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ (រូបថត៖ ក្រសួងទេសចរណ៍)

សូមជម្រាបថា ដើម្បីទៅដល់រមណីយដ្ឋាន “ទឹកធ្លាក់ភ្នំខៀវ” គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ រហូតដល់ស្ពានថ្មអូរតាវ៉ៅ ហើយឡើងទៅប្រមាណជា ១០០ម៉ែត្រទៀត គេនឹងឃើញផ្លាកសញ្ញាបង្ហាញទីតាំង ត្រង់ម្ដុំផ្លូវបំបែកភូមិកូនខ្លុងពីខាងឆ្វេងដៃ។ គេក៏ត្រូវជិះបត់ចូលទៅប្រមាណ ៧គីឡូម៉ែត្រទៀត ទើបដល់ទីតាំងគួរជាទីមនោរម្យខាងលើនេះ៕

ភ្ញៀវទេសចរដែលទៅលេងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ខេត្តប៉ៃលិន នាពេលកន្លងមក។​ (រូបថត៖ ក្រសួងទេសចរណ៍)
1 Share

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap