កីឡាការិនីពហុជំនាញ នៅ ស្រីពៅ ប្រាប់មូលហេតុចាប់ជំនាញឃីកបុកស៊ីង

  • 2021-03-09 13:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ និង​ ONE Championship នៅ ស្រីពៅ បាន​បោះ​ជំហាន​ចូល​ចាប់​ជំនាញ​ឃីក​បុក​សីង​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​សហព័ន្ធ​កីឡា​ប្រដាល់​ឃីក​បុក​សីង​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ ​។

កីឡា​ការិនី​ នៅ ស្រីពៅ ត្រូវ​បាន​មហា​ជន​ស្គាល់​ខ្លាំង​កាល​ពី​ឆ្នាំ​​២០១៩​ ពេល​ដែល​នាង​បាន​ប្រើ​ជំនាញ​វ៉ៃ​ឈរ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​លើ​កីឡា​ការិនី​ថៃ​ Rika Ishige នៅ​ព្រឹត្តិការណ៍​ ONE: Clash of Legends នៅ​ទី​ក្រុង​បាងកក។

យ៉ាង​ណា​ សម្រាប់​ការ​​ប្រកួត​ពីរ​លើ​ចុង​ក្រោយ​នៅ​ស្ថាប័ន​អន្តរជាតិ​ខាង​លើ​នេះ​ នៅ ស្រីពៅ​ មិន​ទទួល​បាន​គាប់​ប្រសើរ​ឡើយ​ដោយ​បាន​ចាញ់​ពិន្ទុ​កីឡា​ការិនី​ឥណ្ឌូណេស៊ី​ដែល​មាន​បទ​ពិសោធ​ច្រើន​ Priscilla Hertati Lumban Gaol នៅ​ឆ្នាំ​២០១៩​ និង​នៅ​ខែ​តុលា​ ឆ្នាំ​២០២០​បាន​ចាញ់​ជើង​ខ្លាំង​ចំបាប់​ឥណ្ឌា​ Ritu Phogat ក្នុង​ទឹក​ទី​២​។

បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​ប្រកួត​លក្ខណៈ​គុន​ចម្រុះ​អន្តរជាតិ​២​លើក​ចុង​ក្រោយ​មក​ នៅ​ ស្រីពៅ​ បាន​ផ្តោត​លើ​ប្រដាល់​សកល​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​ចុង​ឆ្នាំ​២០២១។

ប៉ុន្តែ​ជាការ​សម្រេច​ចិត្ត​ចុង​ក្រោយ ​នាង​បាន​ចាប់​អាជីព​ឃីក​បុកស៊ីង ​ក្រោម​ការ​គ្រប់​គ្រង​របស់​សហព័ន្ធ​កីឡា​ប្រដាល់​ឃីក​បុក​សីង​កម្ពុជា​ដែល​ទើប​តែ​ចាប់​ផ្តើម​ដំណើរ​ការ​ហ្វឹក​ហាត់​ជា​ផ្លូវ​នា​ដើម​ខែ​មីនា​នេះ។

នៅ ស្រីពៅ បាន​ប្រាប់​ថា​ នាង​ពិត​ជា​ចាប់​យក​អាជីព​ប្រដាល់​ឃីក​បុក​ស៊ីង​មែន​ ពី​ព្រោះ​ជំនាញ​នេះ​មាន​សក្តានុពល​ និង​មាន​ទី​ផ្សារ​អន្តរជាតិ​ច្រើន​ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ នាង​ចោល​អាជីព​គុន​ចម្រុះ​ ឬ​សកល​ទាំង​ស្រុង​នោះ​ទេ​។

ស្រីពៅ និយាយ​ថា​៖ “​ខ្ញុំ​ហាត់​ប្រដាល់​ឃីក​បុកស៊ីង​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ដើម្បី​ត្រៀម​ទៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​នៅ​ប្រទេស​​វៀតណាម ជា​ពិសេស​ វា​មាន​ទី​ផ្សារ​សេរី​។ បើ​ហាត់​នៅ​សកល​ ខ្ញុំ​បាន​វ៉ៃ​តែ​សកល​ទេ​ តែ​អត់​បាន​វ៉ៃ​អី​ផ្សេង​ទេ។​ តែ​ខ្ញុំ​ចូល​ឃីក​បុកស៊ីង​ ខ្ញុំ​អាច​វ៉ៃ​បាន​ច្រើន​គឺ​ឃីក​បុកស៊ីង​ គុន​ខ្មែរ​ ឬ​MMA ជា​ដើម​។ អី​ចឹង​ ខ្ញុំ​ចេញ​ទៅ​វ៉ៃ​នៅ​ក្រៅ​ប្រទេស​ស្រួល”។

​កីឡា​ការិនី​អាយុ​២៥​ឆ្នាំ​​រូបនេះ ធ្លាប់​បាន​ប្រាប់​ថា ​ក្តី​ស្រមៃ​ធំ​ជា​យូរ​មក​ហើយ​របស់​នាង​មិនទាន់​បាន​សម្រេច​ទេ​។ 

“ក្តី​ស្រមៃ​យូរ​អង្វែង​​​របស់​ខ្ញុំ​គឺឈ្នះ​​មេដាយ​​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​។ ឆ្នាំ​២០២១​នេះ​គឺ​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​វៀតណាម​ អីចឹង​ខ្ញុំ​ប្រាថ្នា​យក​មេដាយ​នៅ​ឆ្នាំ​ថ្មី​ខាង​មុខ”។ នៅ​ ស្រីពៅ​បាន​បញ្ជាក់​។​

តាម​ពិត​ទៅ​ នៅ ស្រីពៅ បាន​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ផ្នែក​ប្រដាល់​សកល​តាំង​ពី​ឆ្នាំ​២០១៨​ និង​បាន​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ដំបូង​នៅ​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន។ ពេល​នោះ​កីឡា​ការិនី​ពហុ​ជំនាញ​រូប​នេះទទួល​បាន​មេដាយ​សំរឹទ្ធ​ បន្ទាប់​ពី​ចាញ់​កីឡាការិនី​វៀតណាម​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​ ស្រីពៅ និយាយ​ថា ៖​ “ខ្ញុំ​ចង់​បាន​មេដាយ​មាស​គឺ​ជា​សុបិន​យូរ​មក​ហើយ តែ​ហោច​ណាស់​បាន​ត្រឹម​មេដាយ​ប្រាក់​ក៏​អស់​ចិត្ត​ដែរ​សម្រាប់​ស៊ីហ្គេម​២០២១​នេះ​”។

នៅ ស្រីពៅ អាច​និយាយ​បាន​ថា​ជា​កីឡា​ការិនី​ពហុ​ជំនាញ​ដ៏​កម្រ​សម្រាប់​ធន​ធាន​កីឡា​កម្ពុជា​ ដោយ​សារ​នាង​ផ្តើម​ចេញ​ពី​កីឡា​គុន​​ខ្មែរ​​ដែល​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​មីយ៉ាន់មា ​រហូត​ក្លាយ​ជា​កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​ទី​នោះ។  បន្ទាប់​មក​នាង​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ផ្នែក​ប្រដាល់​ ហើយ​បាន​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​ និង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ៗ​ទៀត​ មុន​បោះ​ជំនាញ​ចូល​ជំនាញ​ប្រដាល់​គុន​ចម្រុះ​លើ​ឆាក​អន្តរជាតិ​ ហើយ​ចុង​ក្រោយ​ចាប់​យក​ជំនាញ​ឃីក​បុក​ស៊ីង​ថែម​ទៀត៕

0 Shares

អត្ថបទ៖ ចេស្តា

Copy link
Powered by Social Snap