វៀតណាមរំពឹងថា ការនាំចេញគ្រឿងសមុទ្រនឹងបន្ដកើនឡើង

  • 2021-03-12 06:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សមាគមអ្នកផលិត និងអ្នកនាំចេញគ្រឿងសមុទ្រវៀតណាម ព្យាករថា ចំណូលការនាំចេញ​គ្រឿងសមុទ្រ នឹងកើនដល់ ៦៤០លានដុល្លារ នៅខែមីនា ២០២១នេះ ដោយមានសញ្ញាវិជ្ជមាន​ពីប្រទេស​នាំចូលជាច្រើន។

រូបភាព៖ VNA

សមាគមដដែលនេះ ថា ការកើនឡើងអាចឈានដល់ ១,៥​ភាគរយ បើធៀបរយៈពេលដូចគ្នា​នៅឆ្នាំ២០២០។ ទីផ្សារ​ដែលវៀតណាម​គ្រោង​នាំចេញ មាន​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ក្នុង​កិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ​សម្រាប់​អន្តរប៉ាស៊ីហ្វិក (CPTTP)។ សមាគម​បន្ថែម​ថា ការនាំចេញ​ទៅកាន់​ទីផ្សារ​ទាំងនេះ នឹងបន្ដ​មានស្ថិរភាព ដោយសារ​មាន​តម្រូវការខ្ពស់ និង​ផលប្រយោជន៍​ពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សរី។

យ៉ាងណានៅខែ​កុម្ភៈ ឆ្នាំ២០២១ ការនាំចេញ​គ្រឿងសមុទ្រ​ទទួល​បាន​ប្រាក់​ចំណូល​ប្រមាណ ៤០៥​លាន​ដុល្លារ ដោយ​ធ្លាក់ចុះ​ប្រមាណ ១៩​ភាគរយ បើធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ២០២០។ នេះដោយសារតែខែកុម្ភៈ វៀតណាម​ឈប់សម្រាក​អំឡុង​​ពិធី​បុណ្យ​ចូលឆ្នាំ ខណៈ​នៅខែ​មករា ចំណូល​ពីការនាំចេញ​គ្រឿងសមុទ្រ មាន ៦០០​លានដុល្លារ កើន ២៣,៤ភាគរយ បើធៀបរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០២០។

គួរបញ្ជាក់​ថា កាលពី​ឆ្នាំ២០២០​កន្លងទៅ ការនាំចេញ​គ្រឿងសមុទ្រ​របស់​វៀតណាម ទទួល​បាន​ទំហំ​ទឹកប្រាក់​សរុប ប្រមាណ ៨,៥​ពាន់​លានដុល្លារ៕

ប្រភព៖ Vietnam News

1 Share

អត្ថបទ៖ បុរីរម្យ

Copy link
Powered by Social Snap